កោះកុង ៖ មនុស្សចំនួន៥នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្តលុចស៊ីស បុករថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ ហើយបានផ្ទុះឆេះស្លាប់នៅក្នុងរថយន្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា នោះ នាពេលនេះ បានស្គាល់អត្តសញ្ញាណ ចំនួនបួននាក់ហើយ នៅសល់ម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលស្រុកស្រែអំបិល បានឲ្យដឹង ថា បន្ទាប់ពីការកាត់គ្រោងដែករបស់រថយន្ដ ដើម្បីយកសពជនរងគ្រោះចេញក្រៅ រកឃើញសពជនរងគ្រោះ៥នាក់ ក្នុងនោះអាចមានស្ដ្រីផងដែរ ព្រោះឃើញមានកងដៃនៅលើសាកសព។ សពក្នុងរថយន្ដ Lexus470 អាចជាគ្រួសារនឹងគ្នា ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ថា សមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្ត សញ្ញាណជនរងគ្រោះទាំងនោះ ហើយតាមរយៈ ឈ្មោះ ខេង ញ៉ ដែលត្រូវជាឪពុកបង្កើតអ្នកបើករថយន្តលុចស៊ីសពណ៌ស្ក ស្លាកលេខ ភ្នំពេញ 2H-3679 ឈ្មោះ ធេង ដាវុន ។ បុរសជាឪពុក ជន រងគ្រោះបានបញ្ជាក់ថា នៅក្នុងរថយន្តលុចស៊ីសមានជនរងគ្រោះចំនួនប្រាំនាក់មានឈ្មោះ១- ធេង ដាវុន កើតឆ្នាំ១៩៩០ ភេទប្រុស នៅខេត្ត ព្រះសីហនុ ជាមន្ត្រីសាធារណការ ខេត្តកំពតអ្នកបើកបរ ។ ២-ឈ្មោះ យ៉ា ភេទប្រុស នៅខេត្តព្រះសីហនុ។ ៣-ឈ្មោះដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ នៅខេត្តព្រះសីហនុ។ ៤-ឈ្មោះ ឈឹម រដ្ឋា ស្រី អាយ២១ឆ្នាំបុគ្គលិកលក់ ដូរនៅ ភោជនីយដ្ឋាន ខេត្តព្រះ សីហនុ និង ម្នាក់ទៀតកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
គួររំលឹកថាវេលាម៉ោង ៧:៣០ព្រឹកថ្ងៃទី២៨.ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងលើផ្លូវជាតិលេខ រវាងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន ptt និងរថយន្តលុចស៊ីស ដែលមានទិសដៅបញ្ច្រាស់ទិសគ្នា។ លុះមកចំណុចកើតហេតុនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 141-142ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រថយន្តលុចស៊ីស 470 ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-3679 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានបុកជា មួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនដែលមានទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យផ្ទុះឆេះ។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យ រងរបួសមនុស្សចំនួន២នាក់ និងស្លាប់៥នាក់។ ចំណែកអ្នករបួសធ្ងន់ ជាភាគីខាងរថយន្តដឹកប្រេងឈ្មោះ ផាន វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ មុខរបរបើកបរ រថយន្តដឹកប្រេង និងឈ្មោះ ផាន សុង ភេទប្រុស អាយុ១៨ឆ្នាំ មានអាស័យដ្ឋានជាមួយគ្នា ។
តាមការសន្និដ្ឋានដំបូង មូលហេតុខាងលើបង្កដោយរថយន្តលុចស៊ីសបានព្យាយាមវ៉ារថយន្ត មួយគ្រឿងផ្សេងទៀតដែលរត់ស្របទិសគ្នាតែវ៉ាមិនផុត ហើយក៏ជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត ហើយបុករថយន្តដឹកប្រេងដែលរត់ច្រាសទិសគ្នាមកពីខាងមុខ ពេញទំហឹង បណ្តាលឲ្យផ្ទុះឆេះតែម្តង៕