ភ្នំពេញ ៖ ក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានចុះបញ្ជីអនុញ្ញាតឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ និងផលិតស្បែកជើងថ្មី ចំនួន១ បើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១០លានដុល្លារអាមេរិក ដែលរំពឹងថានឹងផ្តល់ការងារថ្មីជាង ៣ពាន់កន្លែង។
បើតាមព័ត៌មានលើទំព័រ Facebook ផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅថា CDC នៅថ្ងៃទី៣០ ខែមេសានេះថា បានបង្ហាញថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ដល់ក្រុមហ៊ុនវិនិយោគបរទេសថ្មីចំនួន៣ ដែលជារោងចក្រដំណើរការលើការផលិតសំលៀកបំពាក់ និង ផលិតស្បែកជើង ក្នុងនោះមាន ៖
១៖ ក្រុមហ៊ុន JIN YUNJIN (CAMBODIA) GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគជាង ២លាន៣សែន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៦០កន្លែង។
២៖ ក្រុមហ៊ុន HOTA FOOTWEAR CO., LTD.: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគជាង ៥លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ពាន៦រយកន្លែង។
៣៖ ក្រុមហ៊ុន CAMBO H.D.Y.L GARMENT CO.,LTD. :គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគជាង២លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៦០កន្លែង។
ជារួម ការចេញវិញ្ញបនប័ត្រចុះបញ្ជី អនុញ្ញាតរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដល់រោងចក្រចំនួន៣ថ្មីនេះ មានទុនវិនិយោគសរុបជាង១០លានដុល្លារអាមេរិក និងអាចផ្តល់ការងារថ្មីៗជូនប្រជាពលរដ្ឋបានជាង៣ពាន់កន្លែង។
គួរបញ្ជាក់ថា តាមរបាយការណ៍ របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទិ្ធដល់គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស សរុបមានតម្លៃជាទឹកប្រាក់ ៦ពាន់៣០០ លានដុល្លារអាមេរិក។ ចំណែកយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ គិតត្រឹមចុងឆ្នាំ២០១៧ មានក្រុមហ៊ុនបរទេសសរុបចំនួន២១៥២ក្រុមហ៊ុន កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕0 00