ភ្នំពេញ ៖ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវលោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់អោយដោះលែងបណ្តោះអាសន្ន កាលពីព្រលប់ ក្នុងថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះ។
នៅព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០១៨ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យដោះលែងនៅក្រៅឃុំជាណ្តោះអាសន្ន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ សមគំនិតក្នុងការផលិតគ្រឿងញៀន និងនាំចូលនូវសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តិនៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧។
តាមមាត្រាទី២៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ .១ថ្មី ចំណុចទី៤ មាត្រា ៣២ . ១ថ្មីចំណុចទី៤.ងនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០០៥ អោយនៅក្រៅឃុំជាបណ្តោះអាសន្ន ប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានឃុំខ្លួនអស់រយៈ៩ខែ មកហើយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន។
ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក លី លឹមម៉េង បានប្រាប់មកប្រធានមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ ឲ្យដោះលែងលោក ញិកប៊ុនឆៃ(ញឹក ប៊ុនឆៃ) ដែលមានទីលំនៅបច្ចុប្បន្នខណ្ឌជ្រោចង្វារាជធានីភ្នំពេញ។
បើតាមកាបង្គាប់ដដែល តុលាការមិនបានបញ្ជាក់លម្អិតណាមួយ ពីមូលហេតុនៃការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការដាក់ លោក ប៊ុនឆៃ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «សមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ដែលតុលាការថា បានប្រព្រឹត្តិឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។
ប្រភពព័ត៌មានមួយផ្សេងទៀត បានឲ្យដឹងថា ការសម្រេចដោះលែងឲ្យនៅក្រោឃុំបណ្តោះអាសន្ននេះ ដោយសារលោក ញឹក ប៊ុនឆៃ មានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវព្យាបាល។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន ។ លោក ញឹក ប៊ុនឆៃ ក៏ធ្លាប់បានសារភាពពីកំហុស ដោយថ្លែងថា លោកបានប្រព្រឹត្តមិនគប្បីចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕