អាជ្ញាធរ​ព្រមាន​ចាត់ការ​តាម​ច្បាប់​ចំពោះ​អ្នកដើរ​រៃអង្គាស​តាម​ទី​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2018 ក+ ក-

ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​សង្ឃ​សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ នា​រសៀល ថ្ងៃទី​១ ខែឧសភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លោក ផន ដាវី បានស្នើ អោយមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​មាន​ប្រសិទ្ធភាព ចំពោះ​ក្រុម​ជន​ទាំងឡាយណា​ដែល​ដើរ​រៃអង្គាសប្រាក់​ដោយ​គ្មាន​ការអនុញ្ញាត ដើម្បី​ជាការ​ការពារ​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​។​

លោក​ថា ៖ មន្ត្រី​សង្ឃ​សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ ដែល​បានប្រកាស​តែងតាំង​ជា ផ្លូវការ​នាពេលនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​កិច្ចការ​ព្រះពុទ្ធសាសនា​នៅក្នុង​សង្កាត់ របស់ខ្លួន ក្នុងនោះ​ត្រូវ​ជួយ​ទប់ស្កាត់​រាល់​សកម្មភាព​ដែលនាំអោយ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ សាសនា​មាន ការដើរ​រៃអង្គាស​នៅតាម​ទីសាធារណៈ​ជាដើម ដោយ​លោក​បានចាត់ទុក​ក្រុម ជនដើរ​រៃអង្គាស​គ្មាន​ការអនុញ្ញាត​ថា ជា​អ្នកប្រព្រឹត្ត​ខុសច្បាប់ និង​នាំអោយ​ស្រអាប់​ដល់​តម្លៃ នៃ​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​។ ក្រុម​ជន​ទាំងនេះ​ត្រូវតែមាន​វិធានការណ៍​ខាង​ផ្លូវច្បាប់ ជា​ចាំបាច់ ក្នុងនោះ​មន្ត្រី​សង្ឃ​សង្កាត់​ត្រូវ​សហការ​ជាមួយ​អាជ្ញា​មូលដ្ឋាន នាំខ្លួន​ពួកគេ​មក សាកសួរ អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការដើរ​រៃអង្គាស​តទៅទៀត ហើយ​បើ មិន​ធ្វើតាម​កិច្ចសន្យា​ទេនោះ នៅពេលដែល​ចាប់បាន​ម្តងទៀត គឺ​ត្រូវតែ​ទទួលទោស​ទណ្ឌ ជា​ធរមាន​និង​មិនអាច​អត់ឱន​អោយ​ម្តងទៀត​បានឡើយ​។

ជាការ​ឆ្លើយតប សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធ សាសនា​នៅ​កម្ពុជា និង​ជា​ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បែបនេះ និង​បាន​បញ្ជាក់ថា មន្ត្រី​សង្ឃ​សង្កាត់ ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ ដែល​បានតែងតាំង​នៅថ្ងៃនេះ​រួមមាន សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​​គោក​ឃ្លាង សង្កាត់​ទឹកថ្លា សង្កាត់​ឃ្មួញ និង​សង្កាត់​ក្រាំងធ្នង់ ត្រូវបំពេញ​ករណីយកិច្ច​របស់ខ្លួន អោយ​ទទួលបាន​ជោគជ័យ ក្នុងនោះ​ក៏មាន​ការទប់ស្កាត់​ការដើរ​រៃអង្គាស​ដោ​គ្មាន​ការអនុញ្ញាត ផដែរ​៕​

(បុរស ស្ត្រី វ័យចាស់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ ពេលដើររៃអង្គាសតាមទីសាធារណៈ នាពេលកន្លងមក)