ភ្នំពេញ ៖ ក្នុងសារលិខិតរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស”ទិវាសេរីភាពសារព័ត៌មានសកលលោក”នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ បានសរសេរ ថា ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ បានផ្ដោតលើប្រធានបទស្ដីពី”ប្រព័ន្ធផ្សព្វផ្សាយយុត្តិធម៌ និងនីតិរដ្ឋ” គឺពិតជាមានសារៈសំខាន់ ស្របតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់បានប្រព័ន្ធផ្សព្វផ្សាយមានថាមពល និងប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវ ក្នុងការផ្ដល់ព័ត៌មានពិត ដែលជាកញ្ចក់ឆ្លុះបញ្ចាំងនូវការពិតជាក់ស្ដែងក្នុងសង្គម មិនឲ្យឆ្វេកពេក មិនស្ដាំពេក គឺចលនាកណ្ដាលនិយម ដែលអាចទទួលយកបានទាំងអស់គ្នា។
ម្យ៉ាងទៀតនោះ គឺត្រូវហ៊ាននិយាយការពិត និងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ការកសាងសង្គមមួយមានយុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ក្នុងសារលិខិតនេះ ថា ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយ មានយុត្តិធម៌ និងប្រទេសមួយមាននីតិរដ្ឋ គឺទាមទារឲ្យអ្នកសារព័ត៌មានត្រូវខិតខំប្រឹងប្រែងបន្តទៀត នូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត និងដោយហ៊ានទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិត ហើយការឆ្លុះបញ្ចាំងឲ្យឃើញតថភាពសង្គម ដើម្បីចូលរួមប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយការងាររបស់អ្នកកាសែត ដែលត្រូវបំពេញមានច្រើនណាស់ ទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។
សម្ដេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារលិខិតនេះផងដែរ ថា នៅខែកក្កដា ឆ្នាំ២០១៨នាពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ តម្រូវឲ្យអ្នកសារព័ត៌មានប្រកាន់ភាពយុត្តិធម៌ ធ្វើការចូលរួមមផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីធានាឲ្យបរិយាកាសនយោបាយ និងដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយភាពសសេរី ត្រឹមត្រូវ យុត្តិធម៌ ហើយលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ៕