ស្វាយរៀង ៖ ពិធីផ្សងប្រថ្នូល តាមរយៈការបរិភោគអាហាររបស់គោឧសភរាជបរិភោគ នៅក្នុង ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ទិន្នផលដំណាំស្រូវ ពោត និងសណ្តែកឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់។ នេះគឺជាការប្រកាសរបស់ព្រហ្មណ៍ព្រះរាជគ្រូ ដែលបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ស្ថិត នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ក៏បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះផងដែរ ក្នុងនោះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចចៅវាហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករជាច្រើនពាន់នាក់។
សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំ២០១៨នេះ ព្រះករុណាជាអម្ចាស់ជីវិតលើតម្កល់ត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកកាន់នង្គ័លយោង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ច្រត់ព្រះនង្គ័លជា ស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាមេហូ និង ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ជាអ្នកកាន់នង្គ័លក្រោយ។
សម្រាប់ឆ្នាំទិន្នផលកសិកម្មនៅឆ្នាំ២០១៨នេះ បើតាម ព្រហ្មណ៍ព្រះរាជគ្រូ បានប្រកាសឱ្យដឹងថា អាហារទាំង ៧មុខ ដែលរួមមានៈ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ដែលបានតំកល់លើតុកណ្តាលទីព្រះស្រែ ដើម្បីឱ្យគោឧសភរាជបរិភោគ ដែលជាកិច្ចផ្សងប្រថ្នូលតាមបវេណីនោះ ឃើញថា អាហារតែ ៣ មុខប៉ុណ្ណេះ ដែលត្រូវបានគោឧសភរាជបរិភោគ រួមមាន៖ ស្រូវ ពោត និងសណ្តែក តាមរយៈនេះ បានបង្ហាញថា ដំណាំស្រូវឆ្នាំនេះ ទទួលបានទិន្នផលល្អប្រសើរ រហូតដល់ទៅ ៩៥% ដំណាំពោត ក៏ទទួលបានទិន្នផលល្អប្រសើររហូតដល់ទៅ ៩៥% និងដំណាំសណ្តែក ក៏ទទួលបានទិន្នផលល្អប្រសើរដូចគ្នា រហូតដល់ទៅ ៨០%។
ជាមួយនឹងការប្រកាសនូវលទ្ធផលផ្សងប្រផ្នូលដូច្នេះ អាច្ចារ្យព្រហ្មព្រលោហិត បានលើកឡើងថា នេះគឺជាការផ្សងប្រផ្នូលទៅតាមទំនៀមទំលាប់ព្រះរាជវេណី នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានតាំងពីបុរាណកាលមកប៉ុណ្ណោះ ក៏ដូចជាការប្រកាសថា រដូវវប្បមង្គលចូលមកដល់ហើយ។ ដូច្នេះសូមប្រជាកសិករ ត្រៀមលក្ខណៈសម្បត្តិប្រុងប្រៀបរៀបចំការងារបង្ក បង្កើនផល ឲ្យបានទទួលនូវទិន្នផលខ្ពស់ ដើម្បីលើកស្ទួយកម្រិត ជីវភាពបានល្អប្រពៃ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន នូវព្រះរាជអំណោយចំពោះប្រជាកសិករ ចំនួន ១០០នាក់ ដោយក្នុងនោះបុរស ក្នុងម្នាក់ៗ ទទួលបាន មួក ១ ខាវអាវ ១កម្លេ ស្បែកជើង ១គូរ និងថវិកា ២០មឺនរៀល និងនារី ក្នុង ម្នាក់ៗ ទទួលបានក្រមា ១ ខាវអាវ ១កម្លេ ស្បែកជើង ១គូរ និងថវិកា ២០មឺនរៀលដូចគ្នា។ បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហរទ័យ ស្តេចយាងទត ព្រះពន្លាតាំងពិព័រណ៌ ដែលតាំងបង្ហាញ ដោយបណ្តាលក្រសួងនានា របស់រាជរដ្ឋាភិបាលផងដែរ៕