ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នេះ បានបើកសវនាការជំនំជម្រះភ្លាមៗ និងសម្រេចចេញដីកាផ្តន្ទាទោសលោក ហ៊ុន ជាដាក់ពន្ធនាគារព្រៃសរយៈ១៨ខែ ពាក់ព័ន្ធករណីបាញ់បោះសេរីបង្កការភ្ញាក់ផ្អើលនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។ នេះ បើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានបង្ហើបអោយដឹងថាការសម្រចនេះធ្វើឡើងក្នុងអង្គជំនុំជម្រះភ្លាមៗលើករណីបទល្មើសជាក់ស្តែង។
សវនាការនេះ មានការចូលរួមដោយលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ក្រោយករណីផ្ទុះអាវុធនេះកើតឡើងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួន លោកហ៊ុនជាភ្លាមៗផងដែរដើម្បីយកទៅសួរនាំពាក់ព័ន្ធករណីផ្ទះអាវុធនៅក្នុងខណ្ឌដូនពេញកន្លងមកនេះ។ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារធ្វើឲ្យលោកហ៊ុន ជា ទប់កំហឹងមិនបាន ទើបបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង ហើយករណីនេះមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ថា រឿងហេតុខាងលើនេះ ទាំងចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍មកថា បានត្រឹមឈរមើលពីចម្ងាយមិនហ៊ានចូលទៅកន្លែងកើតហេតុ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រមាណជាង១០គ្រាប់ហើយក៏ស្ងប់ស្ងាត់ទៅវិញ។
បើតាមសេក្ដីរាយការណ៍មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដងចេញពីផ្ទះលេខ១១បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រមាណ១០និង២៥នាទីយប់ ថ្ងៃអង្គារទី១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែករណីនេះក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ៕