ភ្នំពេញ ៖ វិទ្យាសា្ថនស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ប្រមូលឯកសារ
ព័ត៌មានចេញផ្សាយចម្រុះភាសា នៅប្រទេសកម្ពុជា ពីទសវត្ស១៩៧៩មកបច្ចុប្បន្ន ផ្ញើទៅរក្សាទុកនៅ សារមន្ទីរប៊ុយឡាក់(BULAC )ប្រទេសបារាំង។
ឯកសារព័ត៌មាន ព្រឹត្តិការណ៍នៅកម្ពុជា ដែលបានបោះពុម្ពផ្សាយរួចហើយ ត្រូវបានវិទ្យាសា្ថនស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលមានទីតាំងនៅក្នុងវត្តឧណ្ណាលោមប្រមូលទិញយកទៅរក្សាទុកជាឯកសារស្រាវជ្រាវ នៅសារមន្ទីរ ប៊ុយឡាក់ ប្រទេសបារាំង។
ឯកសារព័ត៌មានទម្ងន់ជាង២តោន ដែលបោះពុម្ពផ្សាយ ពីព្រឹត្តិការណ៍ជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ផ្សាយនៅក្នុងកាសែត និងទស្សនាវដ្តី ចម្រុះភាសា ត្រូវបានសាលា បារាំងចុងបូព៌ា សហការជាមួយ វិទ្យាសា្ថនស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរប្រមូលយកទៅផ្ញើទុកនៅ សារមន្ទីរBULAC នៃប្រទេសបារាំង។
លោក ឡេង កុកអាន សហការីវិទ្យាសាស្ត្រផ្នែកសាស្ត្រាស្លឹករឹត និងជាប្រធានអភិរក្ស បានថ្លែងថា ឯកសារព័ត៌មាន ដូចជា កាសែត ទស្សនាវដ្តី សៀវភៅប្រលោមលោក ដែលបានចេញផ្សាយពីព្រឹត្តិការណ៍ របស់ប្រជាជាតិកម្ពុជា ត្រូវបានវិទ្យាសា្ថនស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ប្រមូលដើម្បីរក្សាទុកជា ឯកសារស្រាវជ្រាវ ប្រវត្តិសាស្ត្រ។
ការប្រមូលយកទុក ឯកសារព័ត៌មាននោះ គឺជំនួយពីសាសាបារាំងចុងបូព៌ាពីឆ្នាំ១៩៩០ ដឹកនាំដោយសាស្ត្រចារ្យ អីលីវីយេ ឌើ ប៊ែរណាន់(Olivier de Bernon )ផ្តួចផ្តើមឲ្យប្រមូល ឯកសារព័ត៌មានចម្រុះភាសាក្នុងគោលបំណង ចងក្រងព័ត៌មានឯកសារទាំងនោះ សម្រាប់មនុស្សជំនាន់ក្រោយងាយស្រាវជ្រាវ រកប្រវត្តិនានា វប្បធម៌ជាតិ នយោបាយដឹកនាំ ជីវភាពប្រជាជនកម្ពុជា ដែលបានចេញផ្សាយ នៅតាមនៅដំណាក់កាលដឹកនាំ ក្នុងរជ្ជកាល នីមួយៗរបស់ប្រទសកម្ពុជា។
លោក ឡេង កុកអាន មានប្រសាសន៍បន្តថា ការដឹកជញ្ជូនឯកសារពត៌មានកម្ពុជា ទៅទុកនៅសារមន្ទីរ ប៊ុយឡាក់នោះ បានធ្វើ៣ដងហើយ។ ការប្រមូលឯកសារព័ត៌មាន គឺប្រមូលពីការបោះពុម្ពផ្សាយគ្រប់ជំនាន់ ដែលសរសេរពីព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ពិសេសការបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៩ មកបច្ចុប្បន្ន ដើម្បីសំគាល់ពីការវិវឌ្ឍនៃភាសាខ្មែរ ក៏ដូចជានយោបាយ។
លោក ឡេង កុកអាន ឲ្យដឹងថា ការបញ្ជូន ឯកសារព័ត៌មានកម្ពុជា ទៅរក្សាទុកនៅសារមន្ទីរ ប៊ុយឡាក់ ប្រទេសបារាំង ចាប់ផ្តើមពីឆ្នាំ២០០៥ ២០០៩ និង២០១៨។ បច្ចុប្បន្ន នៅមាន កាសែតនិងទស្សនាវដ្តីជាង ២០០០គីឡក្រាមទៀត គ្រោងបញ្ជូនទៅដែរ៕