ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធនឹងមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា មន្ត្រីនគរបាលចរាចរទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
ចំពោះចំណាត់ការយ៉ាងណានោះលោកបានសុំគោលការណ៍ពីឯកឧត្តមនាយឧត្ដមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។
លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរទាំង២នាក់ខាងលើ បានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ០០៦របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត៕