ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីជននេះធ្វើសកម្មភាពល្បួងប្រពន្ធអ្នកដទៃទៅចូលផ្ទះសំណាក់សម្រេចបានម្ដង ពេលនោះ នាងរងគ្រោះមិនហ៊ានយករឿងនេះប្រាប់ប្ដីទេ ព្រោះខ្លាចមានរឿងរ៉ាវ និងខ្លាចប្ដីលែងចោល។ លុះក្រោយមកទៀតជនសង្ស័យបានសុំនាងរួមភេទទៀត ប៉ុន្តែនាងមិនព្រម ស្រាប់តែជន នេះបានគំរាមសម្លាប់ចោល រួមទាំងគំរាមថា និងទម្លាយរឿងនេះប្រាប់ឲ្យប្ដីរបស់នាងដឹង។ ចំណែកស្ត្រីរងគ្រោះដោយខ្លាចជននោះនិយាយប្រាប់ប្ដី ក៏បានយល់ព្រមទៅដេកជាមួយជននោះជាបន្តបន្ទាប់ទៀត ប៉ុន្តែនៅលើកចុងក្រោយ ដោយទ្រាំលែងបាន នាងបានយករឿងនេះទៅប្រាប់ប្ដីដោយខ្លួនឯង ទើបបុរសជាប្ដីសម្រេចដឹកដៃប្រពន្ធទៅប្ដឹងឲ្យនគរបាលចាប់ខ្លួនបុរសកំហូចនោះតែម្ដង។
សូមជម្រាបថា ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចទើបបង្ហាញឯកសារដល់អ្នកកាសែតនៅថ្ងៃទី៤ ខែឧសភា នេះ។
ជនសង្ស័យម្នាក់នេះឈ្មោះ ហេង ហួត ហៅ ម៉ាំង អាយុ២៩ឆ្នាំ មុខរបរបើករថយន្តដឹកអ៊ីវ៉ា់ន់រោងចក្រ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ក.អ អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦ និង០០នាទីល្ងាច ខណៈដែលស្ត្រីដែលជាជនរងគ្រោះខាងលើ កំពុងស្ថិតនៅផ្ទះម្តាយក្មេក នៅភូមិ ព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានមិត្តភក្ដិរបស់នាងម្នាក់ទៀតឈ្មោះ ហេង សុខហួយ ភេទស្រី អាយុ២៤ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ ជនសង្ស័យបានទូរស័ព្ទហៅឲ្យនាងទៅផឹកស៊ីជាមួយនៅផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង ហួត ហៅម៉ាំង ដែលមានទីតាំង ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះនាងរងគ្រោះក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ឌុបកូនប្រុសម្នាក់អាយុ៩ឆ្នាំ ទៅចូលរួមផឹកស៊ីដែល ក្នុងនោះនៅក្នុងវង់ផឹកស៊ីមានគ្នាចំនួន៥នាក់។ រួមមាន ទី១ឈ្មោះ ហេង សុខហួយ ដែលជាមិត្តភក្ដិ របស់នាង ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ,ទី២ឈ្មោះ ឆេង គឹមសាន់ ភេទប្រុស អាយុ៣០ឆ្នាំ ,ទី៣ ជនសង្ស័យ ហេង ហួត ហៅ ម៉ាំង ,ទី៤ឈ្មោះ ភុំ នីម ភេទស្រី អាយុ៣៤ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ និងទី៥ ស្ត្រីរងគ្រោះ ។ការផឹកស៊ីនោះ បានប្រព្រឹត្តទៅរហូតដល់វេលាម៉ោង ១៩និង០០នាទីយប់ថ្ងៃដដែល ស្ត្រីរងគ្រោះសុំទៅផ្ទះមុន តែជនសង្ស័យ និងអ្នកផឹកស៊ីខាងលើបានឃាត់មិនឲ្យទៅទេ មិនតែប៉ុណ្ណោះថែមទាំងបានលួចដកក្បាលប៊ូស៊ី ម៉ូតូ របស់នាងយកលាក់ទុកទៀតផង ។
ប្រភពខាងលើបានបន្តថា ដោយសារបែបនេះ នាងបាននៅផឹកបន្តរហូតដល់វេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ស្ត្រីឈ្មោះ ហេង សុខហួយ រួមនិងជនសង្ស័យបាននិយាយ លួងលោមជនរងគ្រោះទៅច្រៀងខារ៉ាអូខេ ស្ថិតនៅភូមិសង្កាត់បឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ ។លុះ រហូតដល់វេលាម៉ោង០១និង ៣០នាទីយប់ ឈប់ច្រៀង ជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំង ក៏ត្រូវជនសង្ស័យបានបើកម៉ូតូឌុបជនរងគ្រោះចូលទៅផ្ទះសំណាក់ស្ថិតនៅម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបន្តថា ដោយសារក្រោយៗមកទៀតជនសង្ស័យចេះតែបបួលស្ត្រីរងគ្រោះ រួមទាំងគំរាមយករឿនេះ ទៅប្រាប់ប្តីរបស់ស្ត្រីរងគ្រោះ ទើបជនរងគ្រោះ ចេះតែព្រមទៅជាមួយជនសង្ស័យជាបន្តបន្ទាប់ ។ លុះក្រោយមកទៀតដោយទ្រាំលែងបាន ស្ត្រីរងគ្រោះសម្រេចយករឿងនេះប្រាប់ខ្លួន ដោយខ្លួនឯងផ្ទាល់តែម្តង ហើយប្ដីរបស់ស្ត្រីរងគ្រោះនាំនាងទៅប្តឹងសមត្ថកិច្ចនគរបាលខណ្ឌដង្កោឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនៅ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីរសៀលនៅត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្ដង៕