ខេត្តក្រចេះ ៖ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៥ ខែ ឧសភា នេះ មានអ្នកភូមិប្រុសស្រីចំនួន ៦នាក់ហើយ ដែលបានស្លាប់ជាបន្តបន្ទាប់ ខណៈដែល ស្ត្រីរង គ្រោះម្នាក់ទៀតបានស្លាប់នៅរសៀលថ្ងៃទី៥ ខែឧសភា នេះ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យកាល់ម៉ែត្រ នៅក្រុងភ្នំពេញ ។
មន្ត្រីសុខាភិបាល អះអាងថា តាមអាការៈរបស់អ្នកជំងឺគឺជាសញ្ញានៃការពុលអាហារ ឬពុលទឹក ព្រែក ដែលពួកគាត់បានដងយកមកប្រើប្រាស់ប្រចាំថ្ងៃ ដែលទឹកព្រែកនោះ បានហូរធ្លាក់មកពីផ្នែក ខាងលើ មានអ្នកចំការបាញ់ថ្នាំសម្លាប់ស្មៅ ឬថ្នាំបំពុលសត្វល្អិតនានា ដែលប្រើប្រាស់ដោយក្រុមហ៊ុនដី សម្បទាន។
ក្រៅពីមានអ្នកភូមិប្រុស ស្រី ៦នាក់ ដែលសុទ្ឋសឹងជាជនជាតិដើមភាគតិច រស់នៅក្នុងភូមិស្រែន ន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់ជាបន្តបន្ទាប់ក្នុងរយៈពេលបីថ្ងៃជាប់គ្នា ក្នុងនោះ មាន មនុស្សក្មេងចាស់ប្រុស ស្រីចំនួន ៤៣នាក់ផ្សេងទៀត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកការស្លាប់របស់អ្នកភូមិ ត្រូវបានមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានសន្និដ្ឋានថា អាច បណ្តាលមកពីអាការៈពុលទឹកអូរ ទឹកព្រែក ដែលពួកគាត់ដងយកទៅប្រើប្រាស់ប្រចាំថ្ងៃ ។
ករណីអ្នកភូមិស្លាប់ និងរងនៅអាការៈពុល ជាច្រើននាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ជាមួយគ្នានោះ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានដឹកនាំ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ឋចុះទៅពិនិត្យ និងជួយសង្គ្រោះដល់អ្នកនៅក្នុងភូមិ ដែលជួបកំពុងនូវបាតុភាព នេះ និងបានថ្លែង ដោយបានបញ្ជាឱ្យមន្ត្រីជំនាញសុខាភិបាលប្រមូលសំណាកដែលសង្ស័យថា ពុល យកទៅធ្វើកោសល្យវិច្ច័យ ដើម្បីបន្តស្វែងរកមូលហេតុនេះឱ្យបានពិតប្រាកដ។
អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ងី ប៊ុនឡែន ឱ្យដឹងថា ការពុលស្លាប់ ដោយមិន ទាន់ដឹងពីមូលហេតុនេះ បានកើតមានឡើងតាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែឧសភា នេះ។ ជា ជំហានដំបូង អាជ្ញាធរបានសន្និដ្ឋានថា ការពុលនេះ អាចបណ្តាលមកពីទឹក ដោយសារពលរដ្ឋរស់នៅ តំបន់នោះ បានប្រើប្រាស់ទឹកអូរ ហើយទឹកអូរនោះបានហូរច្រោះ ពីប៉ែកខាងលើ មានសារធាតុពុល ដោយសារថ្នាំបាញ់សម្លាប់ស្មៅរបស់អ្នកធ្វើចម្ការ ឬតាមបណ្តាលក្រុមហ៊ុនដីសម្បទាន មួយចំនួន នៅ ប៉ែកខាងលើ ហើយអាការៈរបស់អ្នកជំងឺ គឺកើតឡើងស្រដៀងគ្នា ស្រវាំងភ្នែក ថប់ដង្ហើម ទន់ដៃជើង ក្អួតចង្អោរ និងអាចរហូតដល់ស្លាប់បាន បើសិនការសង្ក្រោះមានការយឺតយ៉ាវ។
ដោយឡែកប្រភពពីមន្ត្រីអាជ្ញាធរ បាននិយាយថា សព្វថ្ងៃនេះអ្នកភូមិនៅតំបន់នោះ ចាប់តាំង ពី មានភ្លៀងធ្លាក់ ប៉ុន្មានមេជាប់ៗគ្នា អ្នកភូមិទាំងនោះ បាននាំគ្នាទៅដងទឹកព្រែកទេ និងទឹកអូរ ដែលជា ប្រភពទឹកមិនស្អាត នៅក្បែរនោះយកទៅប្រើប្រាស់ ដែលជាទម្លាប់ប្រចាំថ្ងៃ ប៉ុន្តែនៅពេលនេះស្រាប់តែ កើតមានហេតុការណ៍អាក្រក់នាំឱ្យកើតជំងឺ និងស្លាប់ជាបន្តបន្ទាប់រហូតដល់៦នាក់ ៕