ប៉ាគីស្ថាន ៖ ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ាគីស្ថានលោក អាសាន់ អ៊ីកបាល់ (Ahsan Iqbal) បានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈដែលហេតុការណ៍នេះទំនងជាការបង្កើនភាពតានតឹងផ្នែកនយោបាយនៅមុនពេលការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដាខាងមុខ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានត្រូវឃាតករលបបាញ់ចំត្រូវដៃស្តាំ នៅពេលលោកកំពុងចូលរួមនៅក្នុងវេទិកាសាធារណៈ ក្នុងមណ្ឌលបោះឆ្នោត ដែលលោកឈរឈ្មោះជាបេក្ខជន។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលខេត្តពុនចាប់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP ថា ប៉ូលិស និងប្រជាជនបានចាប់ឃាត់ខ្លួនទាន់ មិនឲ្យឃាតករបាញ់គ្រាប់ទី២ សំដៅលោក Ahsan Iqbal។ តាមអ្នកនាំពាក្យដដែល លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន គ្មានរងគ្រោះថ្នាក់ដល់ជីវិត និងត្រូវបានគេដឹកយកទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យ
សូមជម្រាបថា លោក អ៊ីកបាល់ (Iqbal) គឺជាសមាជិកជាន់ខ្ពស់ម្នាក់របស់គណបក្សកាន់អំណាច និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលត្រូវបានបណ្តេញចេញពីតំណែង៕