សវនាការ​នៅ​តុលាការ​កំពូល​សម្រេច​ប​ន្ត​ឃុំខ្លួន​លោក កឹម សុខា ៦​ខែ​ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2018 ក+ ក-


ភ្នំពេញ ៖ មន្ត្រី​តុលាការ​កំពូល ថ្លែងថា បន្ទាប់ពី​បញ្ចប់​សវនាការ លោក​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោលគឺ បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រយៈពេល​៦​ខែ​បន្តទៀត ។​​

តុលាការ​ពុំបាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៃ​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​សវនាការ​ទេ ដោយសារ​សវនាការ​នេះ ជា​រឿង​មុន​អង្គសេចក្តី ពុំមាន​វត្តមាន​ជន​ត្រូវ​ចោទ ក៏​ដំណើរការ​បានដែរ គ្មាន​ខុស​នីតិវិធី​ឡើយ ។​

​បញ្ជាក់ដែរថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕