ភ្នំពេញ ៖ ស្ពានដែកបាឡេថ្មីមួយ ដែលអាជ្ញាធរបានសាងសង់សម្រាប់ឆ្លងកាត់ពីចំណុចឃ្លាំងសាំង តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅខណ្ឌជ្រោយចង្វា ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ខណៈស្ពានជ្រោយចង្វាចាស់កំពុងជួសជុល នឹងត្រូវដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ស្ពានដែកបាឡេ នេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន OCIC មានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាសាងសង់ប្រមាណ ៩លានដុល្លារ និងប្រើពេលសាងសង់៦ខែ។ ការហាមឃាត់មិនឲ្យធ្វើចរាចរណ៍លើស្ពានដែកថ្មីនេះ គឺរថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស ២.៨ម៉ែត្រ រួមនឹងការធ្វើដំណើរដោយថ្មើជើងផងដែរ។
ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាបនេះ បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី០៥ ខែឧសភា ហើយបានសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរណ៍ ការដំឡើងស្លាកសញ្ញាចរាចរណ៍ ការលាបគំនូសចរាចរណ៍ និងដំឡើងភ្លើងស្តុបថ្មី ដែលឈានទៅដាក់ឲ្យដំណើរការធ្វើចរាចរណ៍នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ៕