នារី​វ័យ​១៧​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​បឹង​យក្ស​ឡោម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2015 ក+ ក-

ខេត្ត​រតនគីរីៈ នារី​វ័យក្មេង​ម្នាក់​ចុះ​លេង​ទឹក​នៅ​បឹង​យក្ស​ឡោម​មិនបាន​ពាក់អាវ​ពោង​ការពារ​បាន​លង់ទឹក​ស្លាប់ ខណៈ​នាង និង​ក្រុមគ្រួសារ​មក​កំសាន្ត នៅ​ខេត្ត​រតនគីរី​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១.៥០​នាទី រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​សិ​ល សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រង់ចំណុច​បឹង​យក្ស​ឡោម ។ រហូតដល់​ម៉ោង​៥.៤៤​នាទី ល្ងាច​ថ្ងៃ​ដដែល​ទើប​អ្នក​សង្គ្រោះ​អាច​រាវរក​សាកសព​ឃើញ​។​

​យុវនារី​រងគ្រោះ​នោះ​ឈ្មោះ វឿន ស្រី​ភា អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ ព្រៃ​ព្នៅ ឃុំ ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ជា​យុវ​សិស្ស រៀន​ថ្នាក់​ទី​១១ អនុវិទ្យាល័យ ព្រៃ​ព្នៅ​។ បានមក​កំសាន្ត​លេង​ខេត្ត​រតនគីរី​នេះ ជាមួយ​អ៊ុំ​ប្រុស​បង្កើត​ឈ្មោះ ផល និង​លោកយាយ​បង្កើត​ឈ្មោះ ម៉ី  ដែល​រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​។​

​បើតាម​ការរៀបរាប់ ពី​លោកយាយ ម៉ី ជា​យាយ​ជនរងគ្រោះ បានអោយដឹងថា ពួកគាត់​ព្រមទាំង​ឪពុកម្ដាយ​និង​ចៅ​គាត់ ដែល​លង់ទឹក​ស្លាប់​នោះ បាននាំគ្នា​មកពី​ខេត្តព្រៃវែង ធ្វើបុណ្យ​នៅ​ប៊ូ​ស្រា ខេត្ត​មណ្ឌល​គី​រី ហើយ​នឹក​ឃើញថា ចង់​ស្គាល់​បឹង​យក្ស​ឡោម ខេត្ត​រតនគីរី ជា​ខេត្ត​ជាប់​គ្នា ផ្លូវ​ក៏​ស្រួល​ធ្វើដំណើរ​ផង​នោះ ក៏​នាំគ្នា​មកលេង តែ​ឪពុកម្ដាយ​ចៅស្រី​(​ជនរងគ្រោះ​)​វិលត្រឡប់​ទៅផ្ទះ​វិញ​មុន មិនបាន​មកលេង​ទេ​គាត់​ក៏បាន​សុំ​ឪពុកម្ដាយ អោយ​ចៅស្រី​មកលេង​ជាមួយ​។ មកពី​ខេត្ត​មណ្ឌល​គី​រី ដល់​ខេត្ត​រតនគីរី ប្រហែលជា​ម៉ោង​១២ ថ្ងៃត្រង់ (​ថ្ងៃកើតហេតុ​) ក៏​នាំគ្នា​មក​ញ៉ាំ​បាយ​នៅ​បឹង​យក្ស​ឡោម​តែម្ដង ក្រោយពេល​ញ៉ាំ​បាយ​រួច ចៅ​របស់គាត់​ទៅ​តែងខ្លួន ជា​ជនជាតិភាគតិច​ថត​លេង ក្រោយមក​គេ​ក៏​ទៅលេង​ទឹក តែ​នាង​មិនបាន​ពាក់អាវ​ពោង​ទេ ខណៈនោះ​ក៏​រអិល​ជើង លង់ទឹក​តែម្ដង ឃើញ​ហេតុការណ៍​ដូច្នេះ ជនបរទេស​៣​នាក់ បាន​ទៅ​ជួយ​ដែរ តែ​នាង​លិចទៅ​ក្នុង​ទឹក​បាត់ទៅ ជនបរទេស​នោះ ខំ​មុជ​រាវរក​ដែរ​តែ​រក​មិនឃើញ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច ព្រមទាំង​ព្រះរាជអាជ្ញា បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ចាត់ចែង រក​អ្នក​មុជ​រាវរក​សព និង​ក្រោយពី​រក​សព​ឃើញ ក៏បាន​ពិនិត្យ​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​។​

​លោក ង៉ែត វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍ បានអោយដឹងថា ករណី​លេង​ទឹក ហើយ​លង់ទឹក​ស្លាប់​នេះ​ជា​លើក​ទី​១ ហើយ​ក្នុង​ដើមឆ្នាំ​២០១៥  បើ​គិតពី​ឆ្នាំ​២០០៧ រហូតមកដល់​ឆ្នាំ​២០១៥ ករណី​លង់ទឹក​មាន​២​លើក  ស្លាប់​អស់​៣​នាក់ លើក​ទី​១ លង់​ស្លាប់​ម្ដង​២​នាក់ លើក​នេះ​ស្លាប់​ម្នាក់ លោក​មិនបាន​បញ្ជាក់ថា លង់ទឹក​ស្លាប់​លើក​ទី​១​នោះ នៅពេលណា ឆ្នាំ​ណា​នោះទេ​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​រតនគីរី សូម​អំពាវនាវ ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ទាំង​ភ្ញៀវ​ក្នុងស្រុក និង​ភ្ញៀវ​ក្រៅ​ស្រុក​ទាំងអស់ ដែល​មកលេង​ខេត្ត​រតនគីរី នៅតាម​រមណីយដ្ឋាន​ទឹកធ្លាក់​នានា ជាពិសេស​នៅ​បឹង​យក្ស​ឡោម សុំ​មេត្តា​ពាក់អាវ​ពោង​អោយបាន​ត្រឹមត្រូវ មុន​និង​ចុះ​លេង​ទឹក និង​សុំអោយ​មានការ​ប្រុងប្រយ័ត្ន កំ​អោយ មាន​ហានិភ័យ​ផ្សេងៗ កើតមានឡើង ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ខាងមុខនេះ និង​ក្រោយ​ចូលឆ្នាំ​រហូត​រៀង​ទៅ​៕ ឡុង សារ៉េត​

 

1cunnamed1bunnamed
1dunnamed

1aunnamed