អ្នកសម្របសម្រួល​ថ្មី​របស់​UN​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការបន្ត​កិច្ចសហការ​បន្ថែម​ជាមួយ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត ញឹម​
​វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​
​មហន្តរាយ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ អ្នកសម្របសម្រួល​អង្គ​ការ​សហ​ប្រជា​​ជាតិ​ថ្មី​ប្រចាំ​កម្ពុជា​លោកស្រី PAULINE TAMESIS បានបង្ហាញ​ពី​ជំហរ​ក្នុង​ការបន្ត​កិច្ច​សហ ការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ដើម្បី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ជាការ​ឆ្លើយតប លោក​បណ្ឌិត ញឹម វណ្ណដា ថា ជាការ​ពិត ការដែល​កម្ពុជា​មានកា​រ​រីកចំរើន​ដូច​សព្វថ្ងៃនេះ គឺ អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ និង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ជាមួយ​ដែល​កម្ពុជា​ខ្លួនឯងបាន​ខិតខំ​ប្រឹងប្រែង​ផងដែរ ។​

​លោក​បាន​ជម្រាបជូន​លោកស្រី PAULINE TAMESIS ថា សុខភាព​នៃ​កំណើន​សេដ្ឋ កិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងមាន​ភាពល្អប្រសើរ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៧% ឬ​លើសពីនេះ ដែល​កំណើន​នេះ​បានមកពី វិស័យ​មួយចំនួន​រួមមាន វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វិស័យ​សំណង់​។​ល​។ ក្នុងនោះ​កម្ពុជា​បាន​ទាក់ទាញ​អ្នកវិនិយោគ​ពី​ខាងក្រៅ​អោយមក​បណ្តាក់ទុន​ដែល​ទុនវិនិយោគ​របស់​ពួកគេ​បានរួម​ចំណែក​ធ្វើអោយ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​។

ក្នុងឱកាស​នេះ លោក​បណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចាត់ទុក​វត្តមាន​របស់ លោកស្រី​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​ថា មាន​សារៈសំខាន់​ខ្លាំង ណាស់​ក្នុង​ការបន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កន្លង យើង​តែងមាន​កិច្ចសហការ​ដ៏​ល្អ​ជាមួយគ្នា​។​

ជា​កិច្ច​ឆ្លើយតប​លោកស្រី PAULINE TAMESIS ថា សហប្រជាជាតិ​នៅតែ​បន្ត​ជួយ​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដដែល​ទៅតាម​អ្វីដែល​ខ្លួន​អាចជួយ​បាន​។
​លោកស្រី​ក៏បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ដល់​កម្ពុជា ដែល​បាន​រៀបចំឡើង​នូវ​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ ២០១៥​។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​មាន​គោលដៅ​៖ ត្រៀម​បង្ការ ប​ន្ស៉ាំ​កាត់ បន្ថយ​គ្រោះថ្នាក់​មុនពេល​មាន​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ធម្មជាតិ ឬ​មនុស្ស​,​ឆ្លើយ តប សង្គ្រោះបន្ទាន់​ក្នុងពេល​មាន​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ​ក្រោយពេល​មាន​គ្រោះ មហន្តរាយ​។ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ​ថា ដើម្បី​អាចអនុវត្ត​ច្បាប់​នេះ​បាន​ជោគជ័យ វា​ទាមទារ​អោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕​