ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានបំពាក់ប្រព័ន្ធWiFi ដែលចំណាយថវិកា ប្រមាណ៤០ម៉ឺនដុល្លាអាមេរិក សំរាប់អោយមនុស្សទូទៅអាចប្រើប្រាស់បានដោយសេរីមិនគិតថ្លៃ នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងមុខព្រះបរមរាជ្យវាំង។
ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់WiFi ជាសាធារណៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅសួនច្បារនាគបាញ់ទឹក ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឯកឧត្តម ត្រាំង អ៊ីតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងថា “គម្រោងតភ្ជាប់ប្រព័ន្ធ WiFi សាធារណៈនេះ ជាជំនួយឥតសំណងរបស់ភាគីកូរ៉េ ដែលមានទឹកប្រាក់សរុប៤០ម៉ឺនដុល្លាអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា”។ លោក បន្ថែមថា ក្រៅពីការដាក់ប្រព័ន្ធ WiFi សាធារណៈ ភាគីកូរ៉េ បានជួយភ្ជាប់គម្រោង១ផ្សេងទៀតផងដែរ គឺប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន (Digital Connectivity for school)។
លោករដ្ឋមន្ត្រី ថ្លែងថា WiFi សាធារណៈ និងប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន គឺផ្តល់ភាពងាយស្រួលជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការប្រើប្រាស់សេវាអ៊ិនធឺណិត អំឡុងពេលស្នាក់នៅ លំហែកាយនៅទីសាធារណៈ ក្នុងរាជធានីភ្នំពេញ និងពង្រីកសក្តានុពលនៃការប្រើប្រាស់សេវាអ៊ិនធឺណិតអោយបានទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់គ្រូ និងសិស្ស ដើម្បីសិក្សាមេរៀនថ្មីៗ។
លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា ថ្លែងថា “ចំពោះសេវា អ៊ិនធឺណិតសាធារណៈនេះ មានដាក់នៅទីតាំងចំនួន២ ទី១ស្ថិតនៅសួនច្បារសម្តេច ហ៊ុន សែន ចាប់ពីវិមានឯករាជ្យមក និងទី២ស្ថិតនៅសួនច្បារមុខព្រះបរមរាជវាំង និងការតភ្ជាប់ប្រព័ន្ធឌីជីថលទៅកាន់សាលារៀន មានចំនួន៣ទីតាំង គឺ១ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទី២ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៣ វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកបញ្ជាក់ថា ប្រព័ន្ធWiFi សាធារណៈសំរាប់ប្រើប្រាស់នៅសួនច្បារទាំងពីខាងលើនេះ គឺប្រើប្រាស់បណ្តាញកាបអុបទិកមានប្រវែង ២៥៣៥ម៉ែត្រ ដែលមានលទ្ធភាពផ្តល់សេវាអ៊ិនធឺ ណិតរហូតដល់១ពាន់មេកាបៃ។
លោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ថ្លែងថា “ការដែលរដ្ឋកូរ៉េជួយជំនួយ លើផ្នែកសេវាអ៊ិនធឺណិតនេះ ដោយសម្លឹងឃើញថា កម្ពុជាពិតជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស ប្រជាជនកម្ពុជាទូទៅគឺពេញនិយមក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា។ ជាមួយកូរ៉េ គឺបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕