ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាឲ្យឃុំខ្លួនអោយជាប់ពន្ធនាគារជាបណ្តោះអាសន្នចោទពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
ដីកាបង្គាប់ឲ្យឃុំខ្លួន មានចុះហត្ថលេខា និងបោះត្រា លោក ឡូត ផារី ចៅក្រមចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តព្រះសីហនុ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បានសម្រេច៖
១– បញ្ជាជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ លុច ទូច ហៅទូច ភេទស្រី – ឈ្មោះ កៅ ហេង ហៅចិក ភេទប្រុស – ឈ្មោះ មែន ខេន ភេទប្រុស និងឈ្មោះ ញ៉ាញ់ ជាតិ ភេទប្រុស មានអាសយដ្ឋាននៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនត្រូវចោទទាំង ៤នាក់ ត្រូវតុលាការបង្គាប់ ឲ្យនាំខ្លួនទៅដាក់នៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
២– បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលជនត្រូវចោទ និងឃុំខ្លួនជនត្រូវចោទទាំង ៤នាក់ រហូតដល់មានដីកាសម្រេចផ្សេងពីនេះ។
៣– បង្គាប់ឲ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលបានឃើញដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អ ក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨ បានចាប់ខ្លួន ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៦នាក់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុតាមបណ្ដឹងរបស់លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីល្បាញ ដែលបានប្តឹងចោទពលរដ្ឋទាំងនោះពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូន ជាមួយការដាក់ខ្នោះដៃ ទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០១៨។ ពលរដ្ឋទាំង ៦នាក់ បន្ទាប់ពីត្រូវតុលាការសាកសួររួចនៅល្ងាចថ្ងៃទី៨ ខែឧសភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋ ៤នាក់ ក្នុងចំណោម ៦នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ នៅល្ងាចថ្ងៃអង្ការ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋទាំង ៤នាក់ ដែលត្រូវសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួន ដាក់ក្នុងពន្ធនាគារបណ្តោះអាសន្ន ចាត់ទុកដីកាបង្គាប់នេះថា មានភាពអយុត្តិធម៌ បំផុត សម្រាប់ពួកគាត់ ដែលជាម្ចាស់ដីពិតប្រាកដ។ ពួកគាត់ បានសំណូមពរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ប៊ុន រ៉ានី ជួយរកយុត្តិធម៌ ដោយអនុគ្រោះ។
នៅក្នុងសំណុំរឿងនេះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងរស់នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងតាមដានឃ្លាំមើលសំមើលសំណុំរឿងដីធ្លីនេះដែរ ពួកគេបាន សម្តែងការសោកស្តាយ យ៉ាងខ្លាំង នៅគ្រាដែលទទួលបានព័ត៌មានមកថា លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីចំនួន ៤នាក់ ដាក់ពន្ធនាគារ ទៅតាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីល្បាញ នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨នេះ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុដ៏ដែលបានលើកឡើងថា លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីចំនួន ៤នាក់ ដាក់ពន្ធនាគារ មានភាពអយុត្តិធ៌មណាស់៕