មណ្ឌលគីរី ៖
គីតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះមានជនរងគ្រោះដែលសង្ស័យពុលទឹក នៅស្រុកកែវសីមា បានកើនឡើងជាង៣០នាក់ហើយ។ នេះបើតាមបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ករណីពុលទឹកនេះបានកើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ នៅព្រឹកនេះកើនឡើងដល់ជាង៣០នាក់។ ករណីនេះបានកើតឡងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមព័ត៌មានបឋម កាលពីរសៀលថ្ងៃទី៩ ខែឧសភា ម្សិលមិញ ក្នុងចំណោមពលរដ្ឋទាំង១៤នាក់នេះ មានពលរដ្ឋ៦នាក់ មានអាការធូរស្បើយ និង៨នាក់ទៀត កំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នូល ខេត្តក្រចេះ។ នេះបើសម្ដីលោក ស៊ុន ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុកកែវសីមា ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី។
បើតាមលោកអភិបាលខេត្ត ក្រោយកើតរឿងហេតុនេះភ្លាមៗ នៅម៉ោងប្រមាណជាង៤ល្ងាច លោកបានបញ្ជាផ្ទាល់ទៅ ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ចាត់កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្ដរាគមន៍ដើម្បីបញ្ជូនពលរដ្ឋរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត។
សូមបញ្ជាក់ថា មកដល់ពេលនេះ ពលរដ្ឋរងគ្រោះទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្គ្រោះ ពុំមានប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន៦នាក់ មានអាការៈធូរស្បើយដែលអាចត្រលប់ទៅគេហដ្ឋានបានវិញហើយ នៅសល់៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ៕