ភ្នំពេញ ៖ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ សាកសួរលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ និងត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ជុំវិញអំពើឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា ។ លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានទម្លាយឱ្យដឹងទេ ដោយមន្ត្រីតុលាការអះអាងថា ជាការសម្ងាត់នៃការស៊ើបសួរ។
គួរបញ្ជាក់ថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ សម្រេចចេញដីកាឃុំខ្លួនលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងថា អយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើឈ្មោះឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទលាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យត្រូវចោទទាំង៤នាក់ រួមមានទី១ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោកឡាយ វណ្ណៈ, ទី៣ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោកឡាយ វណ្ណៈ និងទី៤ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះជឹមវុធហៅថូតភេទប្រុសអាយុ៤១ឆ្នាំជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌបានចែងថា មាត្រា១៩៩ បទឃាតកម្មអំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ)នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០(ដប់)ឆ្នាំទៅ១៥(ដប់ប្រាំ)ឆ្នាំ។
មាត្រា៥៣២បទលាក់បំបាំងតម្រុយអំពើកែប្រែលុបបំបាត់ឬលាក់បំបាំងតម្រុយឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋឬបទមជ្ឈិមក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំទៅ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ពី២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕