កំពង់ចាម ៖ សមត្ថកិច្ចចំរុះបានបើកប្រតិបត្តិចុះបង្ក្រាបទីតាំងលក់សត្វព្រៃ នៅត្រង់ស្ពានត្រោះ ភូមិបែកពាង ឃុំជាលា ស្រុកបាធាយនារសៀលថ្ងៃទី១០ ឧសភា ២០១៨ ដោយដកហូតបានសត្វចំនួន៣ប្រភេទ រួចបានប្រមូលដុតកំទេចចោល ។ ទីតាំងខាងលើនេះហើយដែល២នាក់ប្តីប្រពន្ធបានមកទិញសត្វព្រៃយកទៅធ្វើម្ហូប ដោយបានបង្ហោះតាមយូធូបនោះ ។
លោកអ៊ុង រីណា នាយរងសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃ ប្រាប់ឲ្យដឹងថាៈ ដោយទទួលការពីលោកប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចាត់ឲ្យរូបលោកចុះសហការជាមួយនឹងលោក ម៉ម រិទ្ធី អនុប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលរងស្រុកបាធាយ នគរបាលប៉ុស្ត៏រដ្ឋបាលជាលា កងរាជអាវុធហត្ថស្រុក បានចុះឆ្មក់ចុះទៅពិនិត្យនៅត្រង់ខាងត្បូងស្ពានត្រោះ ដើម្បីដកហូតសត្វព្រៃដែលដាក់លក់ដោយខុសច្បាប់បានចំនួន៣ប្រភេទផងដែរ។
លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃរូបនេះប្រាប់បន្តថា សត្វដែលដាក់លក់ក្នុងនោះមានទាំងប្រភេទសត្វស្រុកនិងសត្វព្រៃត្រូវបានរកឃើញមានតែ២កន្លែង ដកហូតមានប្រភេទដូចជាៈ ១-សត្វននាលខ្យងចំនួន៩ក្បាល ២-មៀម០១ក្បាល ៣-ក្រួចអឺតចំនួន១០ក្បាល ។ ម្ចាស់អ្នកលក់សត្វព្រៃ២នាក់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំបញ្ឈប់មិនឲ្យលក់ ក្នុងករណីនូវតែចចេសបើរកឃើញក្នុងពេលខាងមុខទៀតនឹងត្រូវចាត់វិធានការតាមច្បាប់ជាកំហិត ។
កាលពីឆ្នាំ២០១៧កន្លងទៅរដ្ឋបាលព្រៃឈើធ្លាប់បានសហការជាមួយនឹងអង្កការវាយអេត ចុះចាប់សត្វព្រៃត្រង់ម្តុំស្ពានត្រោះខាងលើ បានទាំងឡាំងៗ ហើយបានសហការជាមួយនឹងសមត្ថកិច្ច ចុះបង្ក្រាបបន្តបន្ទាប់ជាច្រើនលើក។សូមបញ្ជាក់ថាទីតាំងលក់សត្វព្រៃនេះហើយ ដែល២នាក់ប្តីប្រពន្ធបានទិញយកទៅដុតនិងធ្វើម្ហូបរួចបង្ហោះតាមយូធូប ត្រូវបានគេចែកចាយតាមបណ្តាញសង្គម( Face book ) ចែកចាយពីម្នាក់ទៅម្នាក់ហើយត្រូវបានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជារឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ស្រាវស្រាវតាមចាប់។តែមិនទាន់នឹងបានចាប់ផងក៏ត្រូវបាន២នាក់ប្តីប្រពន្ធនោះ ចេញមកសារភាពពីទោសកំហុស។
គួររំលឹកថា កាលពីប៉ុន្មានឆ្នាំមុនមានប្រជាពលរដ្ឋនៅត្រង់ស្ពានត្រោះនេះ បានលក់សត្វស្រុកហើយបន្លំអ្នកធ្វើដំណើរថាជាសត្វព្រៃ លុះក្រោយមកអ្នកទិញនោះបានជិះកាត់មកក៏ចុះស្តីបន្ទោសម្តេចក៏មិនលក់សត្វព្រៃពិតទៅចាំបាច់រកស៊ីកុហកធ្វើអ្វី ?
បន្ទាប់ពីទទួលរងនូវការស្តីបន្ទោសរួចមកអ្នកលក់រូបនោះក៏បានទៅទិញសត្វព្រៃបន្តិចបន្តួច យកមកដាក់ពន្យួរលក់ជាប់ចញ្ចើមថ្នល់ជាតិលេខ៦ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ធ្វើឲ្យអ្នកលក់រូបនោះនិយាយទាំងក្តុកក្តួលថា«លក់សត្វស្រុកត្រូវគេស្តីបន្ទោស លុះដល់ពេលលក់សត្វព្រៃបែរជាត្រូវចាប់ទៅវិញ » ទោះជាបែបណាក្តីសត្វព្រៃច្បាប់មិនបានអនុញ្ញាតលក់ដូរនោះទេ ៕