​ប្រេង​ឆៅ​នៅ​អាស៊ី​ហក់​ឡើង​ខ្លាំង​អាច​ដល់​៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2018 ក+ ក-

​ភ្នំពេញ ៖ តម្លៃ​ប្រេង​ឆៅ​នៅ​អាស៊ី កំពុង​ស្ទុះ​ងើបឡើង​ខ្លាំង​បើ​គិត​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ ខណៈដែល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ ព្យាករ​ណ៌​ថា​នឹង​អាច​កើន​ឡើងដល់ ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​តម្លៃ​ប្រេង​ឆៅ នៅ​អាស៊ី​បាន​កើនឡើង​ជាង ២​ភាគរយ ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​មាន​ព័ត៌មាន​ថា សហរដ្ឋអាមេរិក នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​នឹង​បើកចំហ​កម្មវិធី​អា​តូ​មិ​ក​របស់​ទីក្រុង​តេ​អេ​រ៉ង់ ជា​ថ្នូរ​សម្រាប់​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​។ ការដកខ្លួន​ចេញ​របស់​អាមេរិក ពី​កតិកាសញ្ញា​ឆ្នាំ​២០១៥ នេះ ធ្វើអោយមាន​ការព្រួយបារម្ភ​ថា​នឹង​ជំរុញ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ផ្នែក​ភូមិសាស្ដ្រ​នយោបាយ​ថ្មីៗ​។

នៅមាន​ហេតុផល​មួយចំនួនទៀត​នៅ​ពីក្រោយ​ការ​កើន​តម្លៃ​ប្រេង​ឆៅ​នេះ ដូចជា ដោយសារ​ការកម្រិត​ទិន្នផល​ផលិត​ប្រេង​របស់​អង្គការ OPEC និង រុស្ស៊ី ភាពមិនច្បាស់លាស់​នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កំណើន​តម្រូវការ​ពិភពលោក និង​ការធ្លាក់ចុះ​ស្ដុក​ប្រេង​អាមេរិក ជាដើម​។ កត្តា​ទាំងនេះ ធ្វើអោយ​តម្លៃ​ប្រេង​ក្នុង​កិច្ចសន្យា​របស់​ប្រេង​ឆៅ Brent និង ប្រេង​ឆៅ WTI កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ថ្មីៗ​នេះ​ដល់​កម្រិត​ខ្ពស់បំផុត បើ​គិត​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។ ជាមួយគ្នានេះ តម្លៃ​ប្រេង​ឆៅ បាន​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងខ្លាំង​នៅ​អាស៊ី ដោយ​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​អាច​បន្ត​កើនឡើង​ដល់ ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

លោក Hassan Rouhani ប្រធានាធិបតី ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែងថា នៅពេល​ថ្មីៗ​នេះ​ថា ប្រទេស​អ៊ីរ៉ង់ អាច​បន្ត​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម «​ដោយ​មិនមាន​កំណត់​» ប៉ុន្តែ​អ៊ីរ៉ង​នឹង​ពិភាក្សា​ការឆ្លើយតប​របស់ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ហត្ថលេខី​ផ្សេងទៀត​មុនពេល​ធ្វើការ​សម្រេចចិត្ត​៕