ក្រសួងពាណិជ្ជកម្ម​បក​ស្រាយ​ពី​តម្លៃ​សាំង​លើ​ទីផ្សារ​កម្ពុជា​ធៀប​នឹង​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ជាពិសេស​ពី​បណ្ដា​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បាន​បកស្រាយ​បន្ថែមទៀត ពី​ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា​ក្នុងប្រទេស​កម្ពុជា ។

​ថ្លែង​នៅក្នុង​សន្និសីទ​កាលពី នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រៀងរាល់​១០​ថ្ងៃ​ម្ដង អន្តរជាតិ​បានសម្រេច​កំណត់​តម្លៃ​ប្រេងសាំង​លក់រាយ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា តែ​ក្រសួង​បាន​គ្រប់គ្រង​តែ​តម្លៃ​ប្រេងសាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត​ប៉ុណ្ណោះ ពីព្រោះ​ប្រេងសាំង​ធម្មតា មានប្រើ​ច្រើនជាង​សាំង​ស៊ុប​ពែ ។​

​លោក បន្តថា ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ដោយសារតែ តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ក៏​កើនឡើង​ដែរ ។​ម្យ៉ាងទៀត​ផលិតផល​ប្រេង​ដែល​កម្ពុជា​ប្រើប្រាស់​សព្វថ្ងៃនេះ ក៏បាន​នាំចូល​ពី ប្រទេស​ផលិត​ប្រេង​នានា ទើប​តម្លៃ ត្រូវតែ​ឡើងទៅ​តាម​ទីផ្សារ​អន្តរជាតិ​បែបនេះ ។
​លោក​បន្ថែមថា ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កន្លងមកនេះ មានន័យថា​ក្រសួង​បានគិត​គូរ និង​ចង់​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​និង​ធ​ម្យ​ម​តែ​មិនបាន​បែងចែក​វណ្ណៈ អ្នកមាន​អ្នកក្រ​ដូច​បណ្ដា​សារព័ត៌មាន​ចុះផ្សាយ ជាពិសេស​នៅលើ​បណ្ដាញ​សង្គម​នោះឡើយ ។

​លោក គឹម មាស សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​មានប្រសាសន៍​ផងដែរ​ថា​ដើម្បី​ធានា​គុណភាព​និង​ភាពត្រឹមត្រូវ​នៃ​ផលិតផល​ប្រេងឥន្ធនៈ​លក់​នៅលើ​ទីផ្សារ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏បាន​ចុះ​ពិនិត្យ​ជាប្រចាំ​ទៅលើ​ស្ថានីយ៍​ប្រេង​នានា​ទូទាំងប្រទេស ហើយ​បើ​រកឃើញថា​លក់​មិន​គ្រប់​លីត្រ អគ្គនាយកដ្ឋាន​នឹង​អប់រំ​ណែនាំ​លើក​ទី​១ ហើយ​បើ​នៅតែ​មិន​រាងចាល អគ្គនាយកដ្ឋាន​នឹង​ផ្សព្វផ្សាយ​ពី​ទីតាំង​និង​ឈ្មោះ​ស្ថានីយ៍​ប្រេង​អោយ​សាធារណៈជន​បាន​ជ្រាប ។

​គួរ​បញ្ជាក់ថា​រហូតមក​ដល់​ថ្ងៃនេះ តម្លៃ​ប្រេងសាំង​លក់រាយ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដែល​កំណត់ដោយ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​ពាក់​ព​ន្ធ័ ក្នុងនោះ ប្រេងសាំង​ធម្មតា មានតម្លៃ ៤១០០​រៀល​ក្នុង​មួយ​លីត្រ ប្រេងម៉ាស៊ូត ៣៩០០​រៀល​ក្នុង​មួយ​លីត្រ ចំពោះ​សាំង​ស៊ុប​ពែ​ដែល​មិនបាន​គ្រប់គ្រង​ដោយ​ក្រសួង​នោះ ក៏មាន​តម្លៃ ប្រមាណ​៤៤០០​រៀល​ក្នុង​មួយ​លីត្រ ៕​