ភ្នំពេញ ៖ រយៈពេល៤ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំអង្ករចេញ បានជិត២០ម៉ឺនតោន តែទិន្នន័យនេះធ្លាក់ចុះជាង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧! ក្នុងនោះ ការនាំអង្ករចេញមានការធ្លាក់ចុះ៣ខែជាប់គ្នា ចាប់តាំងពីចន្លោះខែកុម្ភៈដល់ខែមេសា។
គិតចាប់តាំងពីខែមករា ដល់ខែមេសាឆ្នាំ២០១៨ បង្ហាញថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង១៩ម៉ឺន៧ពាន់តោន។ ចំនួននេះមានការធ្លាក់ចុះប្រមាណ៧,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានបរិមាណនាំចេញជាង២១ម៉ឺន២ពាន់តោន។នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។
គួរកត់សំគាល់ក្នុងរបាយការណ៌នេះដែរថា ក្នុងរយៈពេល៤ខែឆ្នាំ២០១៨ នេះការនាំអង្ករកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះរយៈពេល៣ខែជាប់គ្នា គិតចាប់តាំងពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំនេះ។ ក្នុងខែកុម្ភៈ បិរិមាណនាំចេញបានជាង៤ម៉ឺន៧ពាន់៨រយតោន ធ្លាក់ចុះប្រមាណ២៧ភាគរយ។ ខែមីនា មានបិរមាណ៥ម៉ឺន២រយតោន ធ្លាក់ចុះ១២,៧ភាគរយ។ ខែមេសា មានចំនួន៣ម៉ែន៦ពាន់២រយតោន ធ្លាក់ចុះ ២៦,១ភាគរយ។ ដោយឡែក ការនាំចេញអង្ករកាលពីខែមករា បានកើនឡើងជាង២៨ភាគរយ មានចំនួនជាង៦ម៉ឹន២ពាន់៦រយតោន ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ តាមរយៈ ក្រុមហ៊ុននាំអង្ករចេញចំនួន៦៧ក្រុមហ៊ុន ទៅកាន់ទីផ្សារចំនួន៥៤ប្រទេស នៅលើពិភពលោក បានចំនួនសរុប ១៩ម៉ឺន៧ពាន់៣៥៤តោន។ ក្នុងនោះ ទៅកាន់ទីផ្សារសហភាពអឺរ៉ុបចំនួន២៥ប្រទេស មានចំនួនជាង៩ម៉ឺន៩ពាន់តោន! ទៅកាន់ទីផ្សារតំបន់អាស៊ាន ចំនួន៤ប្រទេស ដូចជា ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ វៀតណាម មានចំនួនសរុបប្រមាណ ២ម៉ឺន៧រយតោន និងទៅកាន់បណ្តាទីផ្សារផ្សេងទៀតចំនួន២៥ប្រទេស មានចំនួនជាង ៧ម៉ឺន៧ពាន់៧រយតោន។
ក្នុងចំនោមប្រទេសទាំង៥៤នេះ ប្រទេសចិននៅតែជាទីផ្សារនាំចូលអង្ករកម្ពុជាច្រើនជាងគេ មានរហូតដល់ជាង៥ម៉ឺនតោន បន្ទាប់មក គឺប្រទេសបារាំង មានចំនួនជិត២ម៉ឺន៧ពាន់តោន និងប្រទេសម៉ាឡេស៊ី មានចំនួនជាង១ម៉ឹន៣ពាន់៧រយតោន។
គួរបញ្ជាក់ថា អង្ករដែលកម្ពុជានាំចេញមានចំនួន៩ប្រភេទ រួមមាន ៖ អង្ករនាងម្លិស! អង្ករ សូម៉ាលី! អង្ករផ្ការំដួល និងផ្កាម្លិស អង្ករសរីរាង្គ អង្ករភ្លឺ អង្ករប្រណិតគ្រាប់វែង អង្ករចំហុយគ្រាប់វែង! អង្ករចម្រុះ និងអង្ករចម្រុះគ្រាប់វែង៕