ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា ហៅកាត់ថា គ.ជ.ប. បាន សម្រេចលើគម្រោងចំណាយថវិកាជាង៨០ម៉ឺនដុល្លារ ដើម្បីទិញទឹកថ្នាំជ្រលក់ម្រាមដៃពីប្រទេសឥណ្ឌា សម្រាប់យកមកប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹង ប្រព្រឹត្តិ ទៅ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ឲ្យដឹងថា តាមរយៈការប្រើប្រាស់ កន្លងមក គ.ជ.ប បានពិនិត្យឃើញថា ទឹកថ្នាំជ្រលក់ម្រាមដៃរបស់ប្រទេសឥណ្ឌា មានគុណភាពល្អ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានសម្រេច បញ្ជាទិញទឹកថ្នាំចំនួន ៥ម៉ឺន១ពាន់ ដបមានតម្លៃប្រមាណ ៨០០.៧០០ដុល្លារ។
លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា ចំនួនទឹកថ្នាំដែល គ.ជ.ប គ្រោងទិញយកមកប្រើ ប្រាស់សម្រាប់ការបោះឆ្នោតនេះ មានចំនួនកើនឡើងជាង៤.០០០ដប បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ កន្លងមក ដែល គ.ជ.ប បានទិញចំនួន៤៦.៥០០ ដប ដោយសារតែការិយាល័យបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦នេះ មានចំនួន ២២.៩៦៧ កន្លែង ខុសពីការបោះឆ្នោតឃុំ-សង្កាត់ ដែលមានចំនួន២២.១៤៨ កន្លែង។
ទាក់ទិននឹងបញ្ហាថ្នាំជ្រលក់ម្រាមដៃនេះដែរ កាលពីអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ កន្លងមក ក៏មានមជ្ឈដ្ឋានមួយចំនួនមានការសង្ស័យ និងព្រួយបារម្ភចំពោះគុណ ភាពទឹកខ្មៅជ្រលក់ដៃនេះដែរ ប៉ុន្តែមន្ទិលសង្ស័យទាំងនោះ ត្រូវបាន គ.ជ.ប បើកសិក្ខាសាលាឲ្យមានការចូលរួមពិសោធទឹកថ្នាំនេះ ពីគ្រប់ភាគីពាក់ព័ន្ធជាសាធារណៈ។
ដោយឡែក ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌា នាពេលនេះ លោក សោម សូរីដា បានបញ្ជាក់ ថា គ.ជ.ប នឹងរៀបចំសិក្ខាសាលាជាសាធារណមួយ សម្រាប់ឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកិច្ចការបោះឆ្នោត បានចូលរួមពិនិត្យ និងសាកល្បងជ្រលក់ម្រាមដៃ ដើម្បីពិសោធទឹកថ្នាំនេះ ឲ្យអស់មន្ទិលសង្ស័យ។
លោក ឌឹម សុវណ្ណារុំ ធ្លាប់បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានត្រៀមចំណាយ ថវិកា ប្រមាណ៥៣លានដុល្លារ ជាមួយគ្នានេះ រដ្ឋាភិបាលចិន និងជប៉ុន ក៏បានប្រកាសផ្ដល់ជំនួយជាថិវកា និងបច្ចេកទេស សម្រាប់ជួយទ្រទ្រង់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ ផងដែរ៕