បន្ទាយមានជ័យ៖ ភ្នំធំដែលស្ថិតនៅក្នុងឃុំអូរប្រាសាទស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងរងការជីកកកាយយកថ្មលក់យ៉ាងគគ្រឹកគគ្រេងពីសំណាក់ក្រុមឈ្មួញ ។ក្រុមអ្នកជីកភ្នំបានបោះពាក្យសំដីដោយយកឈ្មោះមន្ត្រីថ្នាក់ធំមានអំណាចដើម្បីបញ្ចៀសពីការសាកសួរផ្សេងៗ។
មន្ត្រីថ្នាក់មូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា សកម្ម ភាពនៃការធ្វើអាជីវកម្មភ្នំធំនេះ ប្រសិនបើអាជ្ញាធរខេត្ដ និងក្រសួងពាក់ព័ន្ធមិនបានទប់ស្កាត់ទាន់ពេលវេលា នោះទេ ភ្នំនេះនឹងរលាយបាត់រូបរាងចេញពីផែនទីនៃប្រទេសកម្ពុជាជាមិនខានឡើយ ហើយកូនចៅជំនាន់ក្រោយបានត្រឹមតែឮឈ្មោះប៉ុណ្ណោះ ចំណែករូបរាងភ្នំពិតត្រូវបានរំលាយសាបសូន្យបាត់អស់ ។
ការធ្វើអាជីវកម្មជីក កកាយយកថ្មភ្នំធំនេះ ធ្វើឱ្យប្រជាពល រដ្ឋរស់នៅក្នុងខេត្ដបន្ទាយមានជ័យក៏ដូចជាភ្ញៀវទេសចរជាតិនិង អន្ដរជាតិដែលធ្វើដំណើរឆ្លងកាត់ខេត្ដបន្ទាយមានជ័យ មើលឃើញសកម្មភាពនោះនាំគ្នាសោកស្ដាយចំពោះការបាត់បង់ភ្នំធម្មជាតិមួយនេះយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថានៅ លើភ្នំធំនោះមានល្អាងក្រមថ្មភ្ជាប់រឿង ប្រវត្ដិសាស្ដ្រដូចជាល្អាងកី ល្អាងគោយំ ល្អាងថ្មស្រក់និងមានល្អាងមួយចំនួនទៀត ដែលជាទីតាំងសម្រាប់ឱ្យប្រជាពលរដ្ឋ ចូលលេងកម្សាន្ដផងដែរ ។ ជាងនេះ ទៅទៀតជារៀងរាល់ថ្ងៃសីលគេឃើញ មានលោកយាយលោកតាជាអ្នកជឿ ជាក់លើព្រះពុទ្ធសាសនាតែងតែបាន នាំគ្នាឡើងទៅលើភ្នំដើម្បីធ្វើសមាធិ ។ បច្ចុប្បន្នលោកយាយលោកតាទាំងនោះ ក៏មានការត្អូញត្អែរ ព្រោះតែលំបាករក ផ្លូវឡើងទៅលើភ្នំធំដោយសារក្រុមហ៊ុន គេធ្វើអាជីវកម្មបិទផ្លូវនោះអស់ហើយ ។
សកម្មភាពនៃការធ្វើអាជីវកម្មថ្មភ្នំធំក៏ត្រូវបានរងការរិះគន់ ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជារៀងរាលថ្ងៃបង្កឱ្យហុយកម្ទេចថ្មប៉ះលើ ប្រជាពលរដ្ឋការដឹកជញ្ជូនថ្ម និងការបំផ្ទុះយកថ្មភ្នំលាន់ឮសំឡេងកក្រើកភូមិ។ប្រជាពលរដ្ឋ បន្តទៀតថា កន្លងមកការបំផ្ទុះយកថ្មរបស់ក្រុមហ៊ុននោះដដែលនេះដែរ បានបណ្ដាលឱ្យដុំថ្មផ្លោងខ្ទាតបង្កឱ្យត្រូវរបួស និង ស្លាប់ប្រជាពលរដ្ឋរស់នៅក្បែរនោះទៀតផង ។
មន្ដ្រីអាជ្ញាធរដែនដី និងសមត្ថកិច្ច ប្រាប់ឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងតែធ្វើអាជីវកម្មថ្មភ្នំធំ មានចំនួន៥ក្រុមហ៊ុនគឺ៖ ១-ក្រុមហ៊ុន ណុប ទូច ,២-ក្រុមហ៊ុន អិដ្ឋ លឿ , ៣-ក្រុមហ៊ុន យ៉ែម សារឿន ,៤-ក្រុមហ៊ុនកូ ណៃ និង ៥-ក្រុមហ៊ុនជីផូស្វាត ជាក្រុម ហ៊ុនរបស់ជនជាតិថៃ ។ ក្រុមហ៊ុនទាំង៥ នេះ បើតាមការបង្ហើបឱ្យដឹងពីមន្ដ្រី សាលាខេត្ដគឺមានក្រុមហ៊ុនខ្លះចប់អាជ្ញាប័ណ្ណហើយក៏ប៉ុន្ដែនៅតែបន្ដសកម្មភាពជាដដែល ។
លោកសុខ វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ដ មិនអាចទំនាក់ទំនងដើម្បីឱ្យជួយបំភ្លឺបានទេកាលពីពេលថ្មីៗនេះ ដោយសារទូរស័ព្ទរបស់លោកហៅចូល៣លើកគ្មានការឆ្លើយតប ៕ វ ក