កំពត ៖ នៅក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ សហគមន៌ទេសចរណ៌ត្រពាំសង្កែក្នុងខេត្តកំពត ទទួលបានអ្នកទេសចរប្រមាណ៧ពាន់នាក់ ខណៈដែលសហគមន៌នេះរំពឹងថា នឹងទទួលបានអ្នកទេសចរណ៌ប្រមាណ៥ម៉ឺននាក់ក្នុងឆ្នាំ២០១៨នេះ ។
តាមការបញ្ជាក់របស់លោក ស៊ឹម ហ៊ីម ប្រធានសហគមន៌ទេសចរណ៌ត្រពាំងសង្កែ ក្នុងខេត្តកំពត បានអោយដឹងថា សហគមន៌ទេសចរណ៌ធម្មជាតិដែលមានដើមកោងកាងជាង២២ម៉ឺនដើមនេះ កំពុងផ្តល់ប្រយោជន៌ជាច្រើនដល់ប្រជាពលរដ្ឋសរុបចំនួន៥០៧គ្រួសារ ដែលរស់នៅក្នុងសហគមន៌នេះ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ កំពុងប្រកបរបរលក់ដូរ និងផ្តល់សេវាទូកជិះមើលព្រៃកោងកាង ជាដើមក្នុងតំបន់នេះ។ លោក យល់ឃើញថា ការបង្កើតអោយមានមុខរបរក្នុងសហគមន៌ទេសចរណ៌នេះ ក៏បានចូលរួមការបន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ ដោយសារពីមុនពួកគាត់ពឹងផ្អែកទាំងសក្រុងតែលើរបរនេសាទប៉ុណ្ណោះ តែពេលបច្ចុប្បន្នពួកគាត់អាចបន្ថែមមុខរបរក្នុងវិស័យទេសទេសចរណ៌ ដែលផ្តល់ប្រាក់ចំណូលសម្រាប់ជីវភាពផងដែរ។
ប្រធានសហគមន៌ទេសចរណ៌ត្រពាំងសង្កែ បានអោយដឹងថាសហគមន៌នេះកំពុងទាក់ទាញអ្នកទេសចរជាតិច្រើនជាង អ្នកទេសចរអន្តរជាតិ ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មព្រះមហាក្សត្រ សហគមន៌ទេសចរណ៌នេះ ទទួលបានអ្នកទេសចរណ៌ប្រមាណ៧ពាន់នាក់។ ដោយសហគមន៌រំពឹងថា នឹងទទួលបានអ្នកទេសចរសរុបប្រមាណ ៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៨នេះ ខណៈដែលកាលពីឆ្នាំ២០១៧ មានអ្នកទេសចរណ៌ជាង៣ម៉ឺននាក់ ដែលបានផ្តល់ប្រាក់ចំណូលសរុបពីសេវាទេសចរណ៌ជាង៤ម៉ឺនដុល្លារអាមេរិក។
ទន្ទឹមនេះ លោក ស៊ឹម ហ៊ីម បានបញ្ជាក់ថា ក្រៅពីសក្តានុពលនៃបរិយាកាសធម្មជាតិបរិសុទ្ធ សហគមន៌ក៏មានគម្រោងពង្រីកសេវាកម្សាន្តបន្ថែមទៀត ដូចជា ស្ពាន ទោង និងខ្សែរ៉តលើទឹកជាដើម ដើម្បីទាក់ទាញអ្នកទេសចរណ៌ អោយកាន់តែច្រើន។ ប៉ុន្តែលោក ក៏ព្រួយបារម្ភដែរថា ចំនួនអ្នកទេសចរកាន់តែច្រើន ក៏អាចធ្វើអោយប៉ះពាល់ដល់បរិស្ថាននៃព្រៃកោងកាងផងដែរ ជាពិសេសដោយសារ ការចោលថង់ប្លាស្ទិក និងសម្រាមចូលក្នុងទឹកតែម្តង ៖៖៖ (សម្ភាសន៌ លោក ស៊ឹម ហ៊ីម ប្រធានសហគមន៌ទេសចរណ៌ត្រពាំងសង្កែ) សូមបញ្ជាក់ថា សហគមន៌ទេសចរណ៌ត្រពាំងសង្កែ ក្នុងខេត្តកំពត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយបានកើតចេញពីសហគមន៌នេសាទ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់ប្រជានេសាទក្នុងតំបន់នេះ តាមរយៈ ការផ្តល់សេវាទេសចរណ៌ធម្មជាតិ។
សហគមន៌ទេសចរណ៌ត្រពាំងសង្កែ ត្រូវបានចាត់ទុកថា ជារម្មណីយដ្ឋានទេសចរណ៌ព្រៃកោងកាង ដ៏សំខាន់មួយ ដែលបានចូលរួមលើកស្ទួយក្នុងវិស័យទេសចរណ៌របស់ខេត្តកំពត ៕