ភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ បានឆ្មក់ឆែកឆេរសិប្បកម្មផលិត និងវេចខ្ចប់ទឹកត្រី និងទឹកស៊ីអ៊ីវសញ្ញាផ្កាឈូកមួយកន្លែង នៅខណ្ឌសែនសុខដោយរកឃើញថាការផលិត និងវេចខ្ចប់នេះពុំមានលក្ខណៈ និងស្តង់ដាត្រឹមត្រូវហើយកម្លាំងចម្រុះសម្រេចបិទសិប្បកម្មនេះជាបណ្តោះអាសន្ន។
ការឆ្មក់ចូលត្រួតពិនិត្យនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះនៅក្នុងសិប្បកម្មមួយកន្លែងដែលគ្នានដាក់ស្លាក់យីហោ នៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញាបានឲ្យដឹងទៀតថា ក្រោយពីពិន្យរបស់ក្រុមមន្ត្រី ចម្រុះមកបានរកឃើញថា សិប្បកម្មនេះបានផលិតនូវទឹកត្រី និងទឹកស៊ីអ៊ីវគ្មានប្រភពច្បាស់ លាស់ហើយដាក់ស្លាក់យីហោសញ្ញាផ្ការឈូកដោយគ្មានច្បាប់អនុញ្ញាតផងដែរ។
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងសិប្បកម្មផលិតគ្រឿងឧបភោគបរិភោគជាច្រើន ដោយសង្ស័យថាការផលិតនោះពុំស្របតាមស្តង់ដាត្រឹមត្រូវនិងគ្មានអនាម័យដែលជាកត្តាធ្វើ ឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងអ្នកបរិភោគជាដើម។
ជាក់ស្តែងកាលពីដើមខែកន្លងទៅនេះក្រសួងមហាផ្ទៃបានសម្រេចដុតកំទេចចោលនូវផលិតផលក្លែងក្លាយទាំងនោះរាប់រយតោន ហើយសិប្បកម្មខ្លះត្រូវបានបិទ និងម្ចាស់សិប្បកម្មខ្លះត្រូវបានបញ្ជូនទៅតុលាការផងដែរ៕