ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានរថភ្លើងកិនស្លាប់ខណៈកំពុងតែអង្គុយលេងលើផ្លូវរថភ្លើង បន្ទាប់ពីផឹកស្រាស្រវឹងដោយសារព្រួយចិត្តដែលកូនទើបនឹងលង់ទឹកស្លាប់។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ១៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយរថភ្លើង ក្រុម១៤ភូមិ បប្រក់ខាងជើង ខណ្ឌពោធិសែនជ័យ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហ៊ុន ណាវី ហៅឡាំយ៉ង អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្តុំកើតហេតុខាងលើដោយសារតែរូបគាត់មានវិបត្តិផ្លូវចិត្តកូនបង្កើតរបស់គាត់ទើបតែលង់ទឹកស្លាប់ថ្មីៗ ហើយរូបគាត់តែងតែហូបស្រាជារៀងរាល់ថ្ងៃដើម្បីបំបាត់ទុក្ខ។
លុះថ្ងៃកើតហេតុខាងលើ គេឃើញស្ត្រីរងគ្រោះបានពិសាស្រា ហើយបានដើរទៅអង្គុយលំហែកាយលើផ្លូវរថភ្លើងក្បែរផ្ទះរបស់គាត់ខណៈដែលរថភ្លើងកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើងចេញពីរ៉ាភ្នំពេញពីទិសដៅពីកើតទៅលិច ហើយក៏បានស៊ីផ្លេអោយដំណឹងដែរ តែស្ត្រីរងគ្រោះពុំបានក្រោកចេញពីផ្លួវរថភ្លើងនោះទេ ដោយគាត់សុខចិត្តអោយរថភ្លើងកិនដាច់ក្បាលស្លាប់យ៉ាងអាណោចអធម៌តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខ បានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើកំណត់ហេតុដើម្បីប្រគល់សពស្ត្រីរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកភ្លើងត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយបន្តរដំណើរទៅមុខទៀត៕