ខេត្តកំពង់ធំ ៖ នៅដើមរដូវវស្សា ឆ្នាំ២០១៨ ជាពិសេសនៅក្នុងសប្ដាហ៍មុននេះ ភ្លៀងបានធ្លាក់ផ្ទួនៗ បានធ្វើ ឲ្យច្រាំងស្ទឹងសែន បានបាក់ស្រុតជាបន្តបន្ទាប់ ដែលរហូតមកទល់ពេលនេះ មានផ្ទះប្រជាពលរដ្ឋ៨ខ្នង ហើយដែលរង គ្រោះពីករណីនេះ។ ប្រជាពលរដ្ឋទាំងនោះ ស្ថិតនៅក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
បើយោងតាមរបាយការណ៍ របស់នគរបាល ក្រុងស្ទឹងសែនបានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីបាក់ច្រាំងនិងប្រេះដីចំណីស្ទឹងបានកើតឡើង ជាបន្តបន្ទាប់ ក្នុងនោះ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នេះ នៅចំណុចភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន មានការបាក់ស្រុតដីលំនៅដ្ឋាន ប្រជាពលរដ្ឋ នៅតាមមាត់ស្ទឹងចំនួន ៨ខ្នង ស្មើនឹង៨គ្រួសារ តែមិនបណ្ដាលឲ្យ មានប្រជាពលរដ្ឋណាម្នាក់រងរបួស ធ្ងន់ធ្ងរនោះទេ។
នៅក្នុងហេតុការណ៍នេះ លោក អភិបាលក្រុងស្ទឹងសែន ម៉ាក់ ប៊ុនហុង និងមន្ទីរមុខងារ តំណាងឲ្យឯកឧត្តម អភិបាលខេត្តកំពង់ធំ សុខ លូ បានចុះសួរសុខទុក្ខ និងណែនាំប្រជាពលរដ្ឋ នៅតាមមាត់ស្ទឹងសែន ឲ្យប្រុងប្រយ័ត្នខ្ពស់ ពីករណីបាក់ដីមាត់ច្រាំងនេះ រួមទាំងការ ត្រៀមកងកម្លាំងសង្គ្រោះ និងជន្លៀសប្រជាពលរដ្ឋចេញ ពីកន្លែងកើតហេតុ និងកន្លែងប្រឈម នឹងករណីបាក់ច្រាំងនេះទៀតផង ប៉ុន្តែប្រជាពរដ្ឋមិនទាន់មានការយល់ព្រម ចេញពីទីនោះឡើយ ដោយពួកគាត់អះអាងថា ពួកគាត់មិនចង់ទៅឯណា ? ក្រៅពីកន្លែងដែលពួកគាត់ធ្លាប់រស់នៅ ជាយូរមកហើយនោះទេ ម្យ៉ាងផ្ទះពួកគាត់ នៅជិតផ្សារស្រួលប្រកបមុខរបរផងដែរ។
ប្អូនប្រុស ឃុយ សាវុធ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ដែលមាន ផ្ទះបាក់ស្រុតនេះដែរ បាននិយាយឲ្យដឹងថា នៅពេលនោះ គឺមានខ្យល់ និងមានភ្លៀង នៅម៉ោងប្រមាណ១២កណ្ដាលអាធ្រាត្រ ស្រាប់សូរ សម្លេង ញ័រដីតែម្ដង ខណៈនោះ រូបគាត់ចេញពីបន្ទប់ខាងមុខ រត់ទៅមើល ក៏ឃើញផ្នែកខាងក្រោយផ្ទះ របស់គាត់ប្រេះ បាក់ស្រុតដី ម្ដងបន្តិច ៗ គាត់ក៏រត់មកវិញ រំដោះយកកូនប្រពន្ធ ចេញទៅក្រៅផ្ទះតែម្ដង ប៉ុន្តែសមាជិក គ្រួសាររបស់ គាត់ ក៏ដូចអ្នកទៃទៀត មិនមាននណាមួយគ្រោះថ្នាក់នោះទេ ៕