គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣៧​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ស្រុក​គាស់ក្រឡ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

ខេត្តបាត់ដំបងៈ គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣៧​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ចំណុច​ក្បែរ​ដីការ​មួយកន្លែង​ក្នុងស្រុក​គាស់ក្រឡ​។

លោក​វរសេនីយ៍ទោ ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ប្រាប់​អ្នកយក​ព័ត​មាន​មេគង្គ​ប៉ុស្តិ៍​យើង​អោយដឹងថា​៖​ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១៥-៣០​នាទី ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ថា​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់​នៅ​ចំណុច ភូមិ​ព្រៃ​សិន ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ភ្លាមៗ​នោះ​លោក​បាន​ចាត់តាំង​អោយកម្លាំង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ចុះទៅពិនិត្យ​និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​។​

ក្រោយមក​លោក​ក៏បាន​រាយការណ៍​បន្តទៅ​អង្គភាព​CMAC​ដើម្បី​ចុះមក​ពិនិត្យ​ជាក់ស្តែង​ជាមួយគ្នា ហើយ​ក្រោយពី​ធ្វើការ​ពិនិត្យ​ទើប​ដឹងថា​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​មាន​គ្រាប់​ប្រភេទ​កាំភ្លើងត្បាល់​៦០​មី​លី​ម៉ែត្រ​ចំនួន​១៤​គ្រាប់​និង​គ្រាប់​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ចំនួន​២៣​គ្រាប់ ដែល​បាន​សេសសល់​តាំងពី​សម័យ​សង្គ្រាម​។​
ក្រោយពី​ធ្វើការ​ប្រមូល​រួចរាល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ត្រូវបាន​ប្រគល់​ជូនទៅ​អង្គ ភាព​CMAC​ដើម្បី​យកទៅ​ដុត​កំទេចចោល ៕