ភ្នំពេញ ៖ ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ លើវិស័យការងារ និង វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេល នៃកិច្ចសហប្រតិបត្តិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានជាង៣០ម៉ឺនរួចហើយ ក្នុងចំណោមពលករជាង៤០ម៉ឺននាក់ ដែលកំពុងបំរើការងារ ដោយខុសច្បាប់នៅក្នុងប្រទេសថៃ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅក្រោយជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ពល់ទុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា ពលករកម្ពុជា ដែលបំរើការងារដោយគ្មានឯកសារស្របច្បាប់ នៅក្នុងប្រទេសថៃ ពីមុនមកនោះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះឱ្យបានរួចរាល់ នៅមុនដំណាច់ ខែ មិថុនា ខាងមុខនេះ។
លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កន្លងមកកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣០០នាក់ ទៅកាន់មជ្ឈមណ្ឌល់ចំនួន៣ នៅទីក្រុងបាងកក ខេត្ត បុទុមឋានី និងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលមកដល់ពេលនេះ អាចចាត់ទុកថាទទួលបានលទ្ធផលជោគជ័យហើយ ពោលគឺនៅសេសេសល់ខ្លះកំពុងបន្តនិតិវិធីផ្តល់ជូន។
យ៉ាងណា លោក រដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា នៅពាក់កណ្តាលខែមិថុនានេះ លោក នឹងដឹកនាំគណប្រតិភូក្រសួងការងារ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យចុងក្រោយ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ ក្រៅពីនេះក៏ខិតខំជម្រុញល្បឿន នៃកិច្ចសហប្រតិបត្តិការ លើ វិស័យ អប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាវិស័យដទៃទៀត ឱ្យបានល្អ និងមានប្រសិទ្ធភាព។
ទន្ទឹមគ្នានោះ លោក ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា ក៏បានអបអរសាទរ ចំពោះការបើកច្រកទ្វារ អន្តរជាតិថ្មី របស់កម្ពុជា នៅខេត្តបាត់ដំបង ដើម្បីរំលែកការធ្វើដំណើរ ដោយស្របច្បាប់របស់ពលករកម្ពុជា ពីច្រកប៉ោយប៉ែតទៅតាមច្រកថ្មីនេះ ស្របតាមកិច្ចសហប្រតិបត្តិការ ដោយរលូន និងឈ្នះឈ្នះទៅវិញទៅមក៕