សម្តេច ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ ​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​នូវ​របៀបវារៈ មួយចំនួន​ដូចខាងក្រោម ៖

១-​អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី ដល់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ សហការ​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

២- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ ដល់​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៣- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ គណៈរដ្ឋមន្ត្រី ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៤- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដល់​គណៈកម្មការ

​សាធារណការ ដឹក​ជ​ញ្ជួ​ន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ហើយ​ក្រៅពីនេះ​អង្គប្រជុំ​ក៏បាន​អនុម័ត​សេចក្តី សម្រេច​ស្តីពី​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​ផងដែរ​៕​