ខេត្តកំពត ៖ «ព្រែកតូច» ដែលជាព្រែកធម្មជាតិមូយកន្លែងហើយបានរីងស្ងួតទឹកអស់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដើមដូង ក្នុងស្រុកអង្គជ័យ ត្រូវបានគេយកគ្រឿងចក្រកាយកាត់ជាកង់ៗ យកធ្វើជាកម្មសិទ្ធិ ក្រោមរូបភាពធ្វើសួនកំសាន្តកណ្ដាលព្រែកតូច នេះ ដើម្បីបំភាន់ភ្នែកសាធារណជន។
លោក ទ្រី មេឃុំដើមដូង បានប្រាប់អោយដឹងថា ការកាយដីព្រែកដែលតភ្ជាប់មកពីភូមិសាស្ត្រ ស្រុកបន្ទាយមាស នេះ គីលោកមិនបានដឹងទេ ប្រហែលជាគេលួចកាយ ។
ព្រែតូចនេះ បច្ចុប្បន្នកំពុងត្រូវបានគេរំលោភយកធ្វើជាទីតាំងសួនកម្សាន្តឯកជន កាលពីថ្ងៃទី21 ខែឧសភា នេះ ដោយម្ចាស់សួនកម្សាន្តនេះ បានជួលជាងផ្សារដែកមកផ្សារកែច្នៃធ្វើជាស្ពានសម្រាប់អោយអ្នកចូលទៅលេង អាចដើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងផ្សេងទៀត។
លោក ងឺម ញន មេឃុំ ម្រោម បានប្រាប់អោយដឹងថា ការសាងសង់កន្លែងកំសាន្ត លើព្រែកតូច នេះ គ្មានច្បាប់អនុញ្ញាតទេ។លោកថា ពីមុនព្រែកនេះ សំបូដើមឈូក តែឥឡូវនេះមិនដឹងថាម្ចាស់ទីតាំងកម្សាន្តគេរៀបចំយ៉ាងម៉េចទេ។ លោកបន្តថា អ្នកចេញមុខធ្វើកន្លែងកម្សាន្តលើព្រែកធម្មជាតិនេះ គឺជាអ្នករស់នៅឯឃុំដើមដូង។ លោក ងឹម ញន បាននិយាយប្រាប់បន្តថា អ្នកធ្វើសួនកំសាន្តនៅលើព្រែកនោះ មិនទាន់មានច្បាប់ទេ៕