ភ្នំពេញ៖សកម្មជនគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និងសកម្មជនដីធ្លី សរុប១៩អង្គនាក់ នឹងបាននៅក្រៅឃុំនាដើមសប្តាហ៍ក្រោយនេះ តាមរយៈការចរចានយោបាយ ។
មេធាវីការពារសកម្មជនគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី ឲ្យដឹងថា រូបលោក និងមេធាវីការពារក្តីមួយចំនួនទៀត បានបំពេញបែបបទតាមនីតិវិធីរួចរាល់ហើយ កាលពីថ្ងៃទី៩ ខែមេសាម្សិលមិញ ដើម្បីអ្នកទាំងនោះរួចផុតពីការឃុំខ្លួននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ។
អ្នកជាប់ឃុំទាំងនោះមានព្រះសង្ឃ ព្រះនាម ស៊ឺន ហាយ លោក មាជ សុវណ្ណារ៉ា រួមទាំងអ្នកស្រី ទេព វន្នី ផងដែរ ។
លោក អ៊ូ គង់ ជាប្តីអ្នកស្រី ទេព វន្នី អះអាងថា ស្ត្រីបឹងកក់ទាំង១០នាក់បានសម្រេចដកបណ្តឹងសាទុក្ខពីតុលាការកំពូល ដើម្បីបើកផ្លូវឲ្យព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោស ។
មិនអាចរកការបញ្ជាក់ពីទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់សម្ដេច ព្រះមហាក្សត្រី មុនីនាថ សីហនុ គឺលោក អ៊ុម ដារ៉ាវុធ បានទេដោយលោកអះអាងថា កំពុងជាប់ប្រជុំ ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដាន និងបានផ្តល់មេធាវីការពារសកម្មជនដីធ្លីនៅតំបន់បឹងកក់ បានស្វាគមន៍ការដោះលែងអ្នកទាំង១៩អង្គនាក់ឲ្យនៅក្រៅឃុំ ។ ប៉ុន្តែលោកបង្ហាញការខកចិត្តដោយលើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែស្ថិតក្រោមសម្ពាធអ្នកនយោបាយ ។
ជនជាប់ចោទដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសទាំង១៩នាក់នោះ រួមមានសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់ ព្រះសង្ឃ៣អង្គ គង់នៅវត្តស្ទឹងមានជ័យ និងស្ត្រីអ្នកតវ៉ារឿងដីធ្លី១១នាក់ ។
ពួកគេត្រូវបានឃុំខ្លួនអំឡុងពេលគណបក្សប្រជាកម្ពុជា និងគណបក្សសង្គ្រោះជាតិ បើកកិច្ចពិភាក្សាធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត និងច្បាប់ គ.ជ.ប ថ្មី តាមកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ ថ្ងៃ២២កក្កដា ២០១៤ ៕