មេរោគ​បំផ្លាញ​ខួ​ក្បាល​​ចម្លង​ដោយ​សត្វ​ប្រជៀវ សម្លាប់​មនុស្ស​១០​នាក់​នៅ​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

ឥណ្ឌា ៖ មន្ត្រី​សុខាភិបាល​និយាយថា មេរោគ​ដ៏​កម្រ ត្រូវបាន​រាលដាល​ដោយ​សត្វ​ប្រជៀវ ដែល​អាច​បង្ករ​រោគ សញ្ញា​ដូចជា​គ្រុន និង​បំផ្លាញ​ខួ​ក្បាល បានសម្លាប់​មនុស្ស ១០​នាក់ នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ហើយ​២​ករណី​បន្ថែមទៀត​កំពុង​ត្រូវបាន​តាមដាន​។​

ការ​រាលដាល​ជម្ងឺឆ្លង អាច​ជាការ​ប្រឈម​មួយ​ក្នុងប្រទេស​មាន​ចំនួន​ប្រជាជន ច្រើន បំផុត​ទី​២ លើ​ពិភពលោក ជា​កន្លែង​ការគ្រប់គ្រង​ជម្ងឺឆ្លង និង​ការពិនិត្យ​តាមដាន​មាន ភាព​ខ្សោយ ដែល​នាំ​ឲ្យ​មាន​ចំនួន​អ្នកស្លាប់​រាប់រយ​នាក់ ជា​រៀងរាល់ឆ្នាំ ដោយសារ​ជម្ងឺ ដូចជា ជម្ងឺ​គ្រុន​សន្ធប់​កើត​ដោយ​សត្វ​មូស​ជាដើម​។ អង្គការ​សុខភាព​ពិភពលោក និយាយ ថា គ្មាន វ៉ាក់សាំង​សំរាប់​មេរោគ នី​ប៉ា ដែល បាន​ផ្ទុះឡើង ក្នុង​រដ្ឋ​កេ​រ៉ា​ឡា ដែល​វា​អាច បង្ករ​ទៅជា ជម្ងឺ​រលាក​ខួ​ក្បាល ។

​រដ្ឋមន្ត្រី​សុខាភិបាល និយាយថា អ្នកស្លាប់​ដំបូង បានកើត​ឡើង នៅ​ស្រុក​កូ​ហ្សី​កូដ ហើយ​ក្នុងចំណោម​មនុស្ស​១៨​នាក់ ដែល​ត្រូវ បាន​ពិនិត្យ​រក​មេរោគ ១២​នាក់ មាន​មេរោគ ហើយ​៣​នាក់​នៃ​ជនរងគ្រោះ ជា​សមាជិក នៃ​ក្រុមគ្រួសារ​តែមួយ ដែល​ត្រូវបាន​គេ​សង្ស័យថា ឆ្លង​តាមរយៈ​សត្វ​ប្រចៀវ​ដែល បានមក​ពពូន​គ្នា នៅ​អណ្តូងទឹក​មួយកន្លែង​នៅ​ជិត​ផ្ទះ​របស់​ពួកគេ​៕​