ខេត្តក្រចេះ ៖ ជនកំណាចម្នាក់ ដែលជាចៅចិញ្ចឹម ត្រូវបាននគរបាលក្រុងក្រចេះ ចាប់ខ្លួនក្រោយពីជននេះ បានយកពូថៅវាយទៅលើជីតារបស់ខ្លួន ដោយខឹងនិងជីតាស្តីបន្ទោសរឿងស្នួរហាលខោងាវទៅប្រើ បណ្តាលឱ្យស្លាប់ក្រោយពីនាំទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
លោកវរៈសេនីយ៍ទោ ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនដៃដល់ឈ្មោះ លីម ណារ៉ុង អាយុ៣៣ឆ្នាំ រស់នៅជាមួយនិងជនរងគ្រោះដែលជាជីតាចឹញ្ចឹម នៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ឧសភា ក្រោយរត់គេចខ្លួនបានមួយថ្ងៃ បន្ទាប់រូបគេបានធ្វើសកម្មភាព យកពូថៅវាយទៅលើជនរងគ្រោះអាយុ ៦៨ឆ្នាំ បណ្តាលឱ្យស្លាប់ក្រោយនាំទៅសង្គ្រោះ។
បើតាមនគរបាលក្រុងក្រចេះបានឱ្យដឹងថា នៅថ្ងៃកើតហេតុទី២១ ឧសភា ជននេះ បាន បោកគក់ខោអាវ និងបានចង់ស្នួលហាលខោអាវកាត់ពីមុខផ្ទះ។ ហើយបុរសរងគ្រោះឈ្មោះ ធូ ឈីម អាយុ៦៨ឆ្នាំ បានស្តីបន្ទោសជននេះ ហើយជនដៃដល់បានយកពូថៅ វាយទៅលើបុរសរងគ្រោះមួយពូថៅ ចំក្បាលខាងក្រោយ បណ្តាលឱ្យជនរងគ្រោះប្រកាច់ដួលសន្លប់។
ក្រោយបង្កហេតុរួច ជនដៃដល់បានគេចខ្លួន និងក៏ត្រូវបាននគរបាល ស្រាវជ្រាវចាប់ខ្លួនបាន ខណៈដែលបុរសរងគ្រោះជាជីតាចឹញ្ចឹមរបស់ខ្លួន ដែលបញ្ជូនទៅសង្គ្រោះ ក៏ត្រូវបានស្លាប់បាត់បង់ជីវិតដោយសាររងរបួសធ្ងន់ធ្ងរ។
បើតាមអ្នកភូមិក្បែរខាងបាននិយាយថា ជនដៃដល់ត្រូវបានបុរសវ័យចំណាស់រងគ្រោះ យកពីក្មួយស្រី ដែលស្លាប់មកចិញ្ជឹមតាំងពីតូច។ តែមិនគួរការតបស្នងសងគុណដល់អ្នកដែល មានគុណចឹញ្ចឹមពីបាច់របស់ជនដៃដល់មកលើជីតារបស់ខ្លួនបែបនេះសោះ។
លោកវរៈសេនីយ៍ទោ ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានបញ្ជាក់ថា ជននេះត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទ ហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ដោយសារមរណភាពជនរងគ្រោះ៕