ភ្នំពេញ ៖ គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់អច្ឆរិយៈដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងជាគោលដៅទេសចរណ៍ ចំណាត់ថ្នាក់លេខ១៣របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨ ។ នេះ បើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា បានអោយដឹងថាក្រោយការចូលរួមបោះឆ្នោតស្ទង់មតិពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។
នេះគឺជាឆ្នាំទី៥ហើយ ដែលតំបន់អង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា ក្នុងនោះ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ ArchaeoMadness ដែលបានយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា ។
បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រ TripAdvisor ដែលជាគេហទំព័រដ៏ពេញនិយមលើការផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗក្នុងពិភពលោក។ រីឯនៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាប្រភពផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក ដែលមានទាំងគេហទំព័រ ទស្សនាវដ្តី និងសៀវភៅ ជាដើម។
ចំណែកនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់ ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា នេះជាមោទនភាពមួយរបស់ជាតិខ្មែរទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់សាធារណជន បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌដ៏មានតម្លៃនេះ ឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៀត។
សូមបញ្ជាក់ថា ប្រាក់ចំណូលសរុបដែលរមណីយដ្ឋានអង្គរ រកបាន កាលពីក្នុងឆ្នាំ២០១៧ មានចំនួន១០៨លានដុល្លារអាមេរិក ពីការលក់សំបុត្រអោយភ្ញៀវទេសចរណ៌បរទេស ជាង២លាន៥សែននាក់។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរណ៌បរទេសចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេលមួយថ្ងៃ មានតម្លៃ៣៧ដុល្លារ! រយៈពេល៣ថ្ងៃមានតម្លៃ៦២ដុល្លារ! និង រយៈពេលមួយអាទិត្យ មានតម្លៃ ៧២ដុល្លារ៕