សម្តេចនាយក​រដ្ឋមន្ត្រី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ពហុ​ពាណិជ្ជកម្ម​«​វឌ្ឍនៈ​កា​ពី​តា​ល​»​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់ទុកថា អគារ​កម្ពស់​៣៩​ជាន់​របស់ វឌ្ឍនៈ កា​ពី​តា​ល ដែលជា​បណ្តុំ​ពហុ​ពាណិជ្ជកម្ម​ទំនើបៗ​លំដាប់​ពិភពលោក បានប្រែក្លាយ​មុខមាត់​សោ​ភ័​ណ្ឌ​ភាព​របស់​រាជធានី​ភ្នំពេញ ខណៈ​កម្ពុជា​កំពុង​ត្រូវការ​ចាំបាច់​ក្នុងការ​ចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​បន្ត​ការអភិវឌ្ឍ​ទាំង​ក្នុង​សេដ្ឋកិច្ច​ផែនការ និង​សេដ្ឋកិច្ច​ទីផ្សារ​។​

អគារ «​វឌ្ឍនៈ​កា​ពី​តា​ល​» ឬ​ហៅថា អគារ «​ចក្កវាឡ​ប្លែក​គេ​» ដែលជា​អគារ ពាណិជ្ជកម្ម​ពហុមុខ​ងារ មាន​កម្ពស់ ៣៩​ជាន់ ស្ថិតនៅក្នុង​ខណ្ឌដូនពេញ​រាជធានី ភ្នំពេញ ត្រូវបាន បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

​អគារ​វឌ្ឍនៈ កា​ពី​តា​ល ដែលមាន​កម្ពស់​៣៩​ជាន់ ស្មើនឹង​កម្ពស់​១៨៦​ម៉ែត្រ​នេះ ត្រូវ បាន ចំណាយ​ថវិកា​សម្រាប់​ការសាងសង់​និង​ដំណើរការ អស់​ប្រមាណ​២៥០​លាន​ដុល្លារ​អាមេរិក ដោយ​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នេះ ប្រមូលផ្តុំ​ទៅដោយ​សេវាកម្ម​ចម្រុះ​ជាច្រើន ចែកចេញជា​បី​ផ្នែក គឺ​ចាប់ពី​ជាន់​ក្រោម​ដី និង​ផ្នែក​ខ្លះ​នៃ​ជាន់​ទី​១ គឺជា ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​! ហើយ​ផ្នែក​ខ្លះ​នៃ​ជាន់​ទី​១ ដល់​ជាន់​ទី​២ គឺជា​ការិយាល័យ​កណ្តាល​របស់​ធនាគារ​វឌ្ឍនៈ​! ចាប់ពី​ជាន់​ទី​៣ ដល់​ជាន់​ទី​២៣ ជា ទីតាំង​អគារ​ការិយាល័យ​សម្រាប់​ជួល​! និង​ចាប់ពី​ជាន់​ទី​២៥ ដល់​ជាន់​ទី​៣៩ គឺជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Rosewood ដែល​បាន​ជួល​ដោយ​ក្រុមហ៊ុន Rosewood មកពី​សហរដ្ឋអាមេរិក​។ ចំពោះ​វត្ត​មាននៃ​អគារ​ពាណិជ្ជកម្ម​ពហុមុខ​ងារ វឌ្ឍនៈ កា​ពី​តា​ល នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា គឺជា​មោទនភាព​មួយ សម្រាប់​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ អគារ​នេះ បាន​ទាក់ទាញ ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន ចូលមក​បើក​ដំណើរការ និង បាន​នាំមក​នូវ ផលិតផល​ម៉ាក​ល្បីៗ​ពី​បរទេស​មក​លក់​ក្នុង​អគារ​ពាណិជ្ជ​កម្មនេះ​។ សម្តេច​តេ​ជោ រំពឹងថា នាពេលខាងមុខ​ទីក្រុង​ភ្នំពេញ​ក៏​នឹង​អាច​ក្លាយជា​ទីផ្សារ​ដ៏​ពេញនិយម សម្រាប់ ទិញ​ទំនិញ​ដ៏​សំបូរបែប​មួយ ខណៈដែល​នាពេល​បច្ចុប្បន្ន មាន​មនុស្ស​ជាច្រើន​បានធ្វើ ដំណើរ​ទៅ​ទិញ​ទំនិញ​ល្អៗ​នៅ​ទីក្រុង​ហុងកុង និង ប្រទេស​សិង្ហ​បុរី ជាដើម​។

​សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​អោយ មានការ​ផលិត​ទំនិញ​ក្នុងស្រុក ដែល​ផ្តោត​ទាំង​លើ​គុណភាព​ប្រណិត និង ទំនិញ​ដែល​ផ្តោតលើ​បរិមាណ សម្រាប់ បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ។ សម្តេច​ក៏បាន គូស​បញ្ជាក់ដែរថា ទោះបីជា​ពេលនេះ​កម្ពុជា​មានការ​រីកចម្រើន​ប៉ុណ្ណេះ​ក៏ដោយ តែ​កម្ពុជា​នៅតែ​ត្រូវការ​ការ ចូលរួម របស់​វិស័យ​ឯកជន ដើម្បី​ពង្រីក​ការវិនិយោគ​បន្ថែម ទៀត ជាពិសេស​ក្នុង រាជធានី ភ្នំពេញ ស្របទៅនឹង​ការពង្រីក​ខ្លួន​របស់​រាជធានី​ភ្នំពេញ ដែល​ពីមុន​មាន​ទំហំ ប្រមាណ ៣០០​គីឡូម៉ែត្រ​ការ៉េ កើន​ដល់​ជាង​៦០០​គីឡូម៉ែត្រ​ការ៉េ នាពេលនេះ​។

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី លោកជំទាវ ឧកញ៉ា ឈុន​លាង សហ​ស្ថាបនិក ក្រុមហ៊ុន​វឌ្ឍនៈ​គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគឯកជន​ដ៏​ធំ​មួយ បង្ហាញថា ក្រុមហ៊ុន នេះ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាង​២​ម៉ឺន​៦​ពាន់​នាក់​នាពេល​បច្ចុប្បន្ន ហើយ​រំពឹងថា​នឹង​បង្កើន​កន្លែង​ការងារ​រហូតដល់ ៥​ពាន់​នាក់​នាពេល​អនាគត​។

​ដោយឡែក គួរ​បញ្ជាក់ដែរថា អគារ​វឌ្ឍនៈ​កា​ពី​តា​ល ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទំនើប​ដែលមាន​កម្ពស់​៣៩​ជាន់ មាន​ទំហំ​ផ្ទៃ​អគារ​សរុប​១៣​ម៉ឺន​១​ពាន់​មែត្រ​ការ៉េ ដោយ ត្រូវបាន​សាងសង់​ឡើងលើ​ទំហំ​ផ្ទៃដី ប្រមាណ​៨​ពាន់​មែត្រ​ការ៉េ​។ លក្ខណៈ ពិសេស​របស់​អគារ​នេះ មាន​ជណ្តើរយន្ត​ចំនួន​ដល់​ទៅ​៣១​កន្លែង ដោយ​អ្នកធ្វើដំណើរ​ឡើង​ចុះ​ក្នុង​អគារ​នេះ ចំណាយពេល​រង់ចាំ​មិន​ដល់ ៣០​វិនាទី​ផង ខណៈដែល អគារ​ធំ ៗ ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន មាន​ជណ្តើរយន្ត​ត្រឹម​ពី ៦​ទៅ​៨​ខ្សែ​តែ ប៉ុណ្ណោះ​។ អគារ​វឌ្ឍនៈ​នេះ ក៏បាន​ទទួល​វិញ្ញាបនបត្រ​ពី​សហរដ្ឋអាមេរិក ថា​ជា​ប្រភេទ សំណង់​ដែល​សាងសង់ឡើង​គិតពី​ដល់​បរិស្ថាន និង​បំពាក់​ដោយ​ប្រព័ន្ធ​ស​វុ​ត្ថិ​ភាព មាន​ផាសុកភាព និង​បរិស្ថាន​ល្អ​ផងដែរ​។
​ម្យ៉ាងវិញទៀត អគារ​នេះ គឺ​ត្រូវបាន​រចនា ឡើង​ដោយ​យក​និមិត្តរូប នាគរាជ ដែល​បង្ហាញ​ពី​ភាពខ្លាំង​ក្លា ភាព​រីកចម្រើន​ជឿន លឿន និង សុខសន្តិភាព​បរិបូរ​ណ៌ ក្នុងសម័យ​តេ​ជោ​៕​