ខ្យល់​កន្ត្រាក់​បោកផ្តួល​រលំ​ផ្ទះ​ជិត​៥០០​ខ្នង​នៅ​ស្រក​បាធាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ គ្រោះធម្មជាតិ​បង្ករ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ បានធ្វើអោយ​លំនៅដ្ឋាន​របស់់​ប្រជាពលរដ្ឋ​ចំនួន​៤៩៦​ខ្នង​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​រលំ​និង​ជនរងគ្រោះ​មួយចំនួន​បាន​រងរបួស ទាំង​ធ្ងន់​ទាំង​ស្រាល​។​

លោក សំ ណា​ល់ អធិការ នគរបាល ស្រុក​បាធាយ បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​អគ្គស្នងការ នគរបាលជាតិ និង​លោក កួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ចាត់តាំង និង​ដឹកនាំ​កម្លាំង​ផ្ទាល់​សរុប​ចំនួន​២០៤​នាក់​ក្នុងនោះ​មាន (​កម្លាំង​នគរបាល​អន្តរាគមន៍ ខេត្ត ចំំ​នួន ៨០​នាក់​, ស្រុក​បាធាយ ៧៤​នាក់​,​ស្រុក​ជើងព្រៃ​ចំនួន​៣០​នាក់ និង​ស្រុក​ព្រៃឈរ​ចំនួន ២០​នាក់​) បាន​ចុះទៅ​កន្លែងកើតហេតុ​ជួយ​រុះរើ​-​ជួសជុល និង​សាង​សង់ផ្ទះ​ជំរក បណ្តោះអាសន្ន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្តែក និង​ឃុំ​ត្រប់ ក្នុងស្រុក​បាធាយ ដែល​ជួប​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ ដែល​បណ្តាលអោយ​ខូចខាត​ផ្ទះសម្បែង សរុប​ចំនួន ៤៩៦​ខ្នង (​ធ្ងន់ ៣១​ខ្នង​)​។​

ក្នុងនោះ នៅ​ឃុំ​សណ្តែក​មាន​ចំនួន ៣៨៥​ខ្នង (​ធ្ងន់ ២០​ខ្នង របួស​មនុស្ស ចំនួន​០៣​នាក់​ប្រុស ធ្ងន់​០១​នាក់​) និង​នៅ​ឃុំ​ត្រប់​ចំនួន ១១១​ខ្នង (​ធ្ងន់ ១១​ខ្នង​)​។

លោក សំ ណា​ល់ អធិការនគរបាល ស្រុក​បាធាយ​បាន​បញ្ជាក់ថា នៅពេល​រសៀល​ថ្ងៃទី​២៧​ខែ​ឩ​សភា​ឆ្នាំ​២០១៨ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​សហការី បាន​នាំយក​អំណោយ​របស់​កាក​បាទ ក្រហម​កម្ពុជា សាខា​ខេត្តកំពង់ចាម ទៅ​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ទាំង ៤៩៦​គ្រូ​សារ ដើម្បី​ជួយ​សម្រួល ជីវភាព​រស់នៅ​របស់​ពួកគាត់​ពេល​ជួប​គ្រោះមហន្តរាយ​។​

ទន្ទឹម​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​សហការី​បាន​នាំយក​ថវិកា និង​ភេសជ្ជៈ​សួរសុខទុក្ខ​បងប្អូន​រងគ្រោះ​នៅ​មន្ទីរពេទ្យ​បន្តទៀត​នឹង​បាន​ចាត់ តាំង​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ ធ្នាប់់ ជូន​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ ទាំងអស់នោះ​រហូតដល់​ពួកគាត់​មាន​ជីវភាព​រស់នៅ ដូច​ធម្មតា​វិញ​៕