កូន​ត្រី និង​ត្រី​មេ​ពូជ ប្រមាណ​១​លាន​ក្បាល នឹង​ព្រលែង​ចូលក្នុង​កសិណ​ប្រាសាទ​អង្គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2018 ក+ ក-

​សៀមរាប ៖ ត្រី​មេ​ពូជ និង​កូន​ត្រី រួមជាមួយ​ប្រភេទ​សត្វ​ទឹក​កំរ​ដូចជា​កន្ធាយ អណ្តើក ជាដើម នឹងត្រូវ​ព្រលែង​ចូលក្នុង​កសិណ​នៃ​ប្រាសាទអង្គរវត្ត ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​។

​​ថ្លែង​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​ពិភាក្សា​កិច្ចការ​រៀបចំ​ទិវា​មច្ឆា​ជាតិ នា​ថ្ងៃទី​២៨ ខែឧសភា​នេះ​នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តំណាង​រដ្ឋបាល​ជលផល​បាន​លើកឡើងថា កូន​ត្រី និង​ត្រី​មេ​ពូជ​ដែលជា​ប្រភេទ​ត្រី​កម្រ និង​សត្វ​ទឹក​កម្រ​ដទៃទៀត ដូចជា​កន្ធាយ អណ្តើក បង្កង​ជាដើម នឹងត្រូវ​ព្រលែង​នៅក្នុង​ពិធី ប្រារព្ធ​ទិវា​មច្ឆា​ជាតិ​។ តំណាង​ដដែល បាន​ឲ្យ​ដឹងថា ការ​ព្រលែង​កូន​ត្រី​ចូល​កសិណ​ទឹក​អង្គរវត្ត​នេះ វា​បាន​ជួយ​រួមចំណែក​សម្អាត​ទឹក​តាមរយៈ​ត្រី​ស៊ី​ស្លែ​ឬ​សា​រ៉ា​យ ដែល​ដុះ​នៅក្នុង​ផ្ទៃ​ទឹក ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ទឹក​។​

​តាម​គំរោង ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆា​ជាតិ​នៅមុខ​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាមួយ​ម៉ឺន​នាក់​ចូលរួម ប៉ុន្តែ​ដោយសារ​ទីតាំង​នេះ មិនអាច​ទទួលបាន ទើប​គណៈកម្មការ​សម្រេច​រៀបចំ​ឲ្យ​មាន​អ្នកចូលរួម​ត្រឹមតែ​ប្រមាណ ៧​ពាន់​នាក់​ប៉ុណ្ណោះ​។​

​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​សន្តិសុខ បាន​មានប្រសាសន៍ថា ទីតាំង​ប្រារព្ធ​ពិធី​នេះ គឺមាន​លក្ខណៈ​ល្អប្រសើរ ។ ប៉ុន្តែ​លោក​បាន​ជម្រុញ​ឲ្យ​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា រៀបចំ​ឲ្យ​បាន​ម៉ត់ចត់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ភ្ញៀវ ទេសចរណ៍​។​

​ជាការ​ឆ្លើយតប​លោក​លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា រដ្ឋបាល​សាលាខេត្ត ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការរៀបចំ​ពិធី​ទិវា​មច្ឆា​ជាតិ​នេះ ។ លោក​ថា ចំពោះ​កា​រប​ង្វៀង​ចរាចរណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី អាជ្ញាធរ​នឹង​គិតគូរ​ជា​បន្ត​៕