រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​បង្ក្រាប​កម្ម​ភាព​ដែល​រារាំង​ដំណើរការ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​បង្ក្រាប​រាល់​សកម្មភាព​ទាំងឡាយណា ដែល​រារាំង និង​ចង់​បំផ្លិចបំផ្លាញ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ការដាក់​បទបញ្ជា​ជាថ្មី​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​របស់ សម្ដេច​ក្រឡាហោម​ស ខេង និង​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ថា​ត្រូវ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏ដូចជា​រាល់​ឧ​ប​បាយ​កល​ពិសពុល ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​រូបភាព សំដៅ​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អ​ព្យា​ក្រឹត្យ ធ្វើ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​អំពើហិង្សា​។​

​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត សម្ដេច​ក្រឡាហោម​ស ខេង ក៏បាន​សង្កត់ធ្ងន់ថា គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ធានា​ឲ្យ​បាន​នូវ​សមភាព​ចំពោះមុខ​ច្បាប់ និង​ការ​ផ្ដល់នូវ​សេវា​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត វាគ្មិន តំណាង ឬ​ភ្នាក់ងារ និង​បេក្ខជន​គណបក្សនយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្ដរជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​លើកកម្ពស់​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ ត្រូវ​រួមសហការ​គ្នា​សំដៅ និង​ធានា​កិច្ចការពារ​កិច្ចដំណើរការ​រៀបចំ​កា​របោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​។​

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កងកម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​៕​