ចាស់ ក្មេងជាង១០នាក់ពុល​នំប៉័ង​សម្លការី នៅ​ស្រុក​ទឹកផុស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

ជនរងគ្រោះ ១៣​នាក់​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង
​ខេត្តកំពង់ឆ្នាំង យោង​របាយ​ការ​បឋម របស់ អធិការនគរបាល ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយ ដឹង ថា​មាន​ករណី​ពុល​នំប៉័ង សម្លការី បណ្តាលអោយ​មនុស្ស​ជាង​១០​នាក់ ក្នុងនោះ​ភាគច្រើន​ជា​កុមារ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព និង​បន្ត​ដឹក​មក​មន្ទីរ​ពេ​ទ​ខេត្តកំពង់ឆ្នាំង បន្តទៀត ។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅវេលា​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​របង ឃុំ​ជៀប ស្រុក​ទឹកផុស​។ .

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ លោក ខែម វិបុល អធិការនគរបាល ស្រុក​ទឹកផុស បាន​ប្រាប់ថាៈ ពិតជា​មាន​ករណី​ពុល នំប៉័ង សម្លការី​ពិតមែន ដោយ​ប្រជាពលរដ្ឋ នៃ​គ្រួសារ​មួយ​មាន​ប្តី​ឈ្មោះ​ឌឹ​ប ប្រព​ន្ឋ​ឈ្មោះ​នី មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀប​ធ្វើ​ពិធី ជប់លៀង ពេល​កូនចៅ​ប្រឡង​ជាប់​បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ហើយក៍​បាន​ពុល និង​ដឹក​ទៅ​មណ្ឌល​សុខភាព ក្តុល ប៉ុន្តែ​ដោយ​ស្ថាន​ភាពមិន​ធូរស្បើយ​ក៍​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

ដោយឡែក ប្រភពពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង វិញ លោក សូ​រិន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ​ថាៈ អ្នករងគ្រោះ ដោយសារ​ពុល​យក​ពី​ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចំនួន​កើនឡើង ១៣​នាក់​ហើយ ក្នុងនោះ​មាន​មនុស្ស​ចាស់ 5 នាក់​និង​ក្មេង 8 នាក់​។​

ជុំវិញ​បញ្ហា​នេះ ដែរ​លោក ម៉ម ម៉ាឡៃ​អនុប្រធាន​មន្ទីរ សុខាភិបាល ខេត្ត​បានឱ្យដឹងថា​ក្រោយពេល​កើតហេតុ​លោក​បាន​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​ដល់​កន្លែងកើតហេតុ បានដាក់​ការសង្ស័យថា គឺ​បណ្ដាលមកពី​ពួកគាត់​ហូប​អាហារ​ផ្អូម ព្រោះ​នៅផ្ទះ​ខាងលើ​មាន​រៀបចំ​ពិធីសូត្រមន្ត​ដោយ​ធ្វើ​ម្ហូប​សម្លការី​ទុក​តាំងពី​ល្ងាច​ថ្ងៃទី 26 លុះ​ស្អែក​ឡើង​ថ្ងៃទី​27 ខែឧសភា ទើប​រៀបចំ​ទទួលទាន​អាហារ​ទាំងនោះ ប៉ុន្តែ​អាហារ​ដែល​សង្ស័យ​ជាងគេ​គឺ​សម្លការី​ដែល​ពួកគាត់​បាន​បន្ត​ហូប​រហូតដល់​ល្ងាច​ថ្ងៃទី 27 លុះ​ទាបភ្លឺ​ថ្ងៃទី ២៨ ខែឧសភា បានចាប់ផ្ដើម​មាន​អាការ ចុក រាក​ក្អួត​និង​ការឡើង​កម្ដៅ​ខ្លាំង​។​លោក​បាន​បញ្ជាក់ថា​សម្ល​ការី​ឬ​សម្ល​ខ្ទិះ​ងាយ​និង​ឆាប់​បំផុត​ជាង​ម្ហូប​ដទៃ​។

នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​លោកគ្រូ​ពេទ្យ​ប្រាប់ថា​មិនមាន​នរណាម្នាក់​បានរ​ង​គ្រោះ​ធ្ងន់ធ្ងរ​នោះទេ​ហើយក៏​មាន​ខ្លះ​បាន​ធូរស្បើយ​ខ្លះ​ដែរ​៕