បុរស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​រថយន្ត នៅ​សង្កាត់​ភ្នំពេញ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន កំពុង​បើកបរ​រថយន្ត ឈប់​អៀ​ប​គៀន​ខាង​ចិញ្ចើមផ្លូវ ហើយ​ដេក បែរជា​ដាច់ខ្យល់​ស្លាប់បាត់ សង្ស័យ​ខ្យល់ គ ។​
​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សព​ឈ្មោះ ហាន គុណ​ផានិត អាយុ​៤០​ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន មួយ​។ តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក ហុ​ី​យ៉ាន់​ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2766 ខាងលើ បើកបរ​ដោយ​បុរសរងគ្រោះ បើក​តាមផ្លូវ​១៩៥៨ ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ បើក​អៀ​ប​ខាង​ចិញ្ចើមផ្លូវ បើក​កញ្ចក់​សងខាង បញ្ឆេះ​ម៉ាស៊ីន អង្គុយ​ឈ្ងោក​មុខ លើ​ដៃចង្កូត តាំងពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក មក​ម្លេះ រហូតដល់​វេលា​ម៉ោង​១០​និង​១០​នាទី​ទៅហើយ នៅតែ​ឃើញ​ដេក​ក្នុង​រថយន្ត មិន​ព្រម​បើក​ចេញ ងឿងឆ្ងល់ ពលរដ្ឋ​ដើរទៅ​អើតមើល ទើប​ដឹងថា ស្លាប់​ទៅវិញ ទើប​ឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។​

​ស្រប​ពេលដែល​ពលរដ្ឋ សមត្ថកិច្ច កំពុង​ភ្ញាក់ផ្អើល ស្រាប់តែ​លេចមុខ​បុរស​ម្នាក់ មក​អះ​អា​ថា ជា​រថយន្ត​ខ្លួន បាន​ឲ្យ​បុរសរងគ្រោះ​ខាងលើ បើក​យកទៅ​លាង​សំអាត​ដើម្បី​ដឹក​ប្រពន្ធ​គាត់​ទៅ​ក​Z​ម្ម​វិធី​នៅ​ផ្សារ​អ៊ី​អន​ដោយ​បើក​ចេញពីផ្ទះ​គាត់​តាំងពី​ម៉ោង​៧​និង​៣០​នាទី​ម្លេះ​
​ក្រោយពី​ចេញពីផ្ទះ​សាច់ញាតិ​ហើយ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​គាត់​មិនឃើញ​បើក​មកវិញ​ក៍​ទូរស័ព្ទ​រក​មិន​លើក​ក៍បាន​បើករថយន្ត​
ស្វែង​ដើររក ក្រែង​មាន​បញ្ហា អ្វី​ហើយ​ប្រទះឃើញ​រថយន្ត​និង​ឃើញ ជនរងគ្រោះ​ស្លាប់​ទៅវិញ ។​

​ក្រោយ​ប្រទះឃើញ​សមត្ថកិច្ច មូលដ្ឋាន និង​សមត្ថ​កិ​ច្វ​ជំនាញ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ គ្រាន់តែ​សន្និដ្ឋាន​ជំហាន​ដំបូង ស្លាប់​ដោយសារ​កាំ​ង​បេះដូង​៕