ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។ ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោតនេះ នឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយពាក់ព័ន្ធ ក្នុងការឃោសនាបោះឆ្នោត,ការបោះឆ្នោត, និងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់បាន ដោយងាយស្រួលនូវគណបក្សនយោបាយ ដែលពួកគាត់ស្រលាញ់ពេញចិត្ដ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងមានការនិមន្តចូលរួមពីសម្ដេចព្រះសង្ឃរាជទាំង២គណៈ ព្រមទាំតំណាងគណបក្សនយោបាយ,តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ,តំណាងបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា,និងអ្នកសារព័ត៌មានជាតិ អន្ដរជាតិជាច្រើនរូបទៀត។
មុនពិធីចាប់ឆ្នោតកំណត់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែង ថា លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោតមានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលឈ្មោះបោះឆ្នោត។ លោកបានថ្លែងបន្ត ថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗ លើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត,ការបោះឆ្នោត,និងជួយឲ្យអ្នកបោះឆ្នោត អាចស្គាល់បានងាយស្រួលនូវគណបក្សនយោបាយ ដែលពួកគាត់ស្រលាញ់ពេញចិត្ដ។
បន្ទាប់ពីឯកឧត្ដមប្រធានគ.ជ.ប បានបញ្ចប់ការថ្លែងសុរន្ទកថារួចមក ពិធីចាប់ឆ្នោតកំណត់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោតបានចាប់ផ្ដើម ក្រោមព្រះរាជធិបតី និងប្រោសព្រះរាជទានចាប់ឆ្នោត ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។ ជាលទ្ធផលបង្ហាញ ថា គណបក្សខ្មែររួបរួមជាតិស្ថិតនៅលេខរៀងទី១.លើសន្លឹកឆ្នោត។ ២-គណបក្ស មាតុភូមិយើង។ ៣-គណបក្សពន្លឺថ្មី ៤-គណបក្ស សញ្ជាតិកម្ពុជា។ ៥-គណបក្ស ខ្មែរក្រោក។ ៦-គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ៧-គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។ ៨-គណបក្ស សាធារណៈរដ្ឋប្រជាធិបតេយ្យ។ ៩-គណបក្ស រស្មីខេមរា។ ១០-គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ១១-គណបក្ស ខ្មែរសាធារណៈរដ្ឋ។ ១២-គណបក្ស ខ្មែរឈប់ក្រ។ ១៣-គណបក្សហ្វ៊ុនស៊ិនប៉ិច។ ១៤-គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។១៥-គណបក្ស យុវជនកម្ពុជា។១៦-គណបក្ស ធម្មាធិបតេយ្យ។ ១៧-គណបក្ស ឆន្ទៈខ្មែរ។ ១៨-គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។១៩-គណបក្ស ខ្មែរតែមួយ។ និងគណបក្ស ប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ នៅលើសន្លឹកឆ្នោត។
លោក អ៊ក គីមហាន តំណាងគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពិធីចាប់ឆ្នោតកំណត់លេខរៀងនេះដែរ ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តចំពោះលេខរៀងគណបក្សនៅលើសន្លឹកឆ្នោត ដែលស្ថិតលេខរៀងទី២០។ ឯកឧត្ដមកត់សម្គាល់ ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនាពេលនេះ គឺធ្វើឡើងដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ,តំណាងគណបក្សនយោបាយ,និងតំណាងអង្គទូតនានាផងដែរ។
ចំណែកើផលោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានថ្លែងឲ្យដឹងដែរ ថា គណបក្សរបស់លោកចាប់បានលេខរៀងទី១៣នៅលើសន្លឹកឆ្នោត ហើយក្នុងនាមលោកជាតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច មានការពេញចិត្ដចំពោះលេខរៀងនេះ។ លោកបានថ្លែងបន្ត ថា នាពេលដ៏ខ្លីខាងមុខនេះ មន្ដ្រីគណបក្សនឹងជម្រាបជូនប្រជាពលរដ្ឋ អំពីលេខរៀងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្ថិតលេខរៀងទី១៣នៅលើសន្លឹក។
រីឯលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីនេះ ថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នេះ បានធ្វើឡើងតាមនីតិវិធីមួយត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព ដែលទទួលបានការសាទរពីគ្រប់ភាគីគណបក្សនយោបាយ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ ថា អ្នកដែលឃោសនា ញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនាពេលខាងមុខនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
សូមជម្រាប ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាពេលឆាប់ៗខាងមុខនេះ នឹងផលិតសន្លឹកឆ្នោត តាមមណ្ឌលនីមួយៗសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់លេខរៀងនៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលទាំង២៥ទូទាំងប្រទេស៕