ភ្នំពេញ៖ គួរឲ្យសង្វេគក្មេងស្រីម្នាក់ ដែលមានអាយុទើបតែ៤ឆ្នាំ ត្រូវបានបុរសចិត្តព្រៃផ្សៃម្នាក់ដែលរស់នៅម្ដុំក្បែរផ្ទះគ្នាចាប់រំលោភ ហើយសម្លាប់យកទៅទម្លាក់ក្នុងពាងទឹកនៅលើផ្ទះដែលគេទុកចោល ដោយត្រូវបានបងប្អូនសាច់ញាតិរកឃើញសពក្មេងស្រី កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្ទះគេទុកចោល ស្ថិតក្នុងភូមិ ក សង្កាត់ច្រាំងជំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ភ្លាមនោះជនដៃដល់ដឹងខ្លួន បានរត់គេចបានប្រហែល២ម៉ោង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ តាមប្រមាញ់ចាប់បានមកវិញ ។
សពក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះ ខា ស្រីច័ន្ទ អាយុ៤ឆ្នាំ ដោយមានម្ដាយឈ្មោះ ម៉ា ចាយ អាយុ២៦ឆ្នាំ មានទីលំនៅក្បែរទីតាំងកើតហេតុខាងលើ ។ ចំណែកជនដៃដល់មានឈ្មោះ អា យ៊ី ហៅអាដំឡូង អាយុជាង៣០ឆ្នាំមានមុខរបរលក់ដំឡូង ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមសម្ដីប្រជាបលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរឿងនេះ គឺក្មេងស្រីរងគ្រោះខាងលើ បានរត់លេងជាមួយក្មេងៗឯទៀត តែក្រោយមកក៏បានបាត់ក្មេងស្រីរងគ្រោះអស់រយៈពេលជាង២ម៉ោង ហើយត្រូវបានឪពុកម្ដាយ រួមទាំងសាច់ញាតិអ្នកភូមិជួយដើររក ។ ពេលនោះ ត្រូវបានពូបង្កើតក្មេងស្រីរងគ្រោះខាងលើ ឡើងទៅលើផ្ទះឈើដែលគេទុកចោលយូរខែមកហើយនោះ និងបានអើតមើលក្នុងពាងទឹកលើផ្ទះ ស្រាប់តែប្រទះឃើញសពកូនស្រីដេកស្លាប់ក្នុងពាងទឹកដោយមិនស្លៀកពាក់ខោអាវនោះឡើយ ។
តែទោះបីជាក្មេងស្រីរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតក៏ដោយ ក៏ឪពុកម្តាយក្មេងស្រីរងគ្រោះបានព្យាយាមដឹកយកកូនមកសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចឪ សម្ដេចម៉ែ ផងដែរ តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតមុនពេលបញ្ចូនមកដល់មន្ទីពេទ្យបាត់ទៅហើយ។
ក្រោយមក សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិឆ័យ និងប្រគល់សពក្មេងស្រីរងគ្រោះ ឲ្យទៅសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រណី ។ ដោយឡែកជនដៃដល់ ក្រោយពីដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបានប្រហែលជាង២ម៉ោង តែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយប្រជាពលរដ្ឋដែលបានស្គាល់មុខ បានតាមចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំចាត់ការតាមផ្លូវច្បាប់៕