កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី ៣០ ឧសភា នេះ បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រចំនួន១០ មកពីស្រុកស្អាង និងស្រុក កោះធំ ខេត្តកណ្តាល។
នេះជាលើកទី៣ហើយបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តកណ្ដាល។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈបានបញ្ជាក់ថា រោងចក្រ សហគ្រាសចំនួន ១០ ដែលជួបជុំថ្ងៃនេះមកពីស្រុកស្អាងចំនួន៨ មានកម្មករនិយោជិត និងស្រុកកោះធំចំនួន២ដែលមានអ្នកវិនិយោគមកពីប្រទេសចិនទាំងអស់ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨ បោកគក់ចំនួនមួយ និងតម្បាញមួយ។
ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
រោងចក្រសហគ្រាសនៅតំបន់នេះបានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរនិងការងារបន្ថែមជាច្រើនងាយស្រួល ដល់ យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀតរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាង ថារាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពលើវិស័យឧស្សាហកម្មធន់ស្រាលដូចជា វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងជាដើម។ តាមរយៈនេះ រាជរដ្ឋាភិបាលបានបន្តធ្វើការពង្រាយរោងចក្រទៅឲ្យដល់តាមបណ្តាខេត្តនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនបាច់ធ្វើ ចំណាកស្រុកទៅកាន់រាជធានីភ្នំពេញ។ ពិសេសវានឹងអាចកាត់បន្ថយការចំណា យលើផ្ទះជួលស្នាក់នៅ ការចំណាយប្រចាំថ្ងៃដែលវានឹងធ្វើឲ្យកំរិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងប្រសិនបើរាជរដ្ឋាភិបាល មិនធ្វើការពង្រាយនៅតាមបណ្តាខេត្តនោះទេ ប្រហែលជាពេលនេះកម្មករ ជាច្រើននឹងធ្វើការប្រមូលផ្តុំកាន់តែច្រើនតែនៅក្នុងទីក្រុងភ្នំពេញ ហើយភាគច្រើន នឹងនៅតែជាកសិករធ្វើស្រែចំការនៅមូលដ្ឋានមិនខាន។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តដល់ក្រុមហ៊ុននានាឲ្យបន្តធ្វើការវិនិយោគបង្កើតរោងចក្រនៅតាមបណ្តាខេត្តនានា ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែច្រើនថែមទៀត ។ បើតាមសម្តេច ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគបង្កើតរោងចក្រ រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍវិស័យអគ្គិសនី និងពង្រឹងធនធានមនុស្សឲ្យកាន់តែសម្បូរបែបដើម្បីបំពេញសេចក្តីត្រូវការរបស់វិនិយោគិន។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារត្រូវធ្វើការ ដោះ ស្រាយឲ្យបានឆាប់រហ័សចំពោះកម្មករដែលត្រូវថៅកែរត់ចោល ដោយគ្មានប្រាក់ បៀវត្តន៍។ សម្តេចតេជោបន្តក្រើនរំលឹកជាថ្មីដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ត្រូវតែអនុវត្តទៅតាមច្បាប់ ដោយមិនត្រូវចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះ ទេ។ បើតាមសម្តេច នៅខែមិថុនាខាងមុខរាជរដ្ឋាភិបាលនឹងធ្វើវិសោធនកម្ម ច្បាប់ស្តីពីស្តីពីវិស័យរោងចក្រកាត់ដេរ ដើម្បីបើកផ្លូវឲ្យក្រសួងការងារមានវិធាន ការចំពោះថៅកែរត់ចោលកម្មករដោយមិនទទួលខុសត្រូវ។ ពិសេសវិសោធនកម្ម ច្បាប់ថ្មីនោះនឹងតម្រូវឲ្យនិយោជកត្រូវបើកប្រាក់អតីតភាពការងារសម្រាប់កម្មករ រាល់៦ខែម្តង ដើម្បីចៀសវាងនៅពេលថៅកែរត់ចោលមិនដោះស្រាយប្រាក់អតីត ភាពការងារជូនកម្មករ៕