ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានលើកឡើងថា ភាគីឡាវបានដាក់ពាក្យប្ដឹងកម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ទាក់ទិនបញ្ហាព្រំដែន ខេត្តស្ទឹងត្រែង ចំណុចអូរតាង៉ាវ។ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
វិទ្យុអាស៊ីសេរីរាយការណ៍ថា លោកថ្លែងបែបនេះ ក្នុងវេទិកាតុមូល ស្ដីពីគោលនយោបាយរបស់គណបក្សទាំងអស់ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា នៅរាជបណ្ឌិតសភាកម្ពុជា។
លោក សុខ ទូច ថា លោកបានត្រៀមឯកសារពាក់ព័ន្ធមួយចំនួន និងមានផែនទី ១៣ផ្ទាំង រួមទាំងការស្រាវជ្រាវរបស់លោកផ្ទាល់ផង ត្រៀមតតាំងផ្នែកច្បាប់ជាមួយភាគីឡាវ។
កាលពីដើមខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានបញ្ចេញកងទ័ពទៅកាន់តំបន់ព្រំដែននៃខេត្តស្ទឹងត្រែង និងទុកពេលឲ្យឡាវ ដកទ័ពចេញក្នុងរយៈពេល ៦ថ្ងៃ។ ក្រោយពីលោក ហ៊ុន សែន ព្រមានរួច លោកនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត បានឯកភាពដកកងទ័ពរបស់ខ្លួនឲ្យអស់គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៧។
កាលពីដើម ឆ្នាំ២០១៧ ទាហានឡាវ ប្រដាប់ដោយអាវុធរាប់រយនាក់បានសង់លេណដ្ឋាននៅលើកោះឫស្សី ចំណុចអូរតាងាវ និងអូរអាឡៃ នៃឃុំសេកុង ស្រុកសៀមប៉ាង ប្រហែលជាង ១ខែ បំណងគ្រប់គ្រងដីនៅតំបន់នោះ ខណៈសក្ដានុពលធនធានធម្មជាតិទីនោះសំបូររ៉ែមាស និងរ៉ែត្បូង។ លើសពីនេះ យោធាឡាវ បានព្យាយាមរារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែននៅតំបន់នោះ។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលត្រូវបោះចំនួន ១៤៥បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំងពីរបោះបង្គោលរួចចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខែត្រព្រះវិហារ និងខែត្រស្ទឹងត្រែង៕
(ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥) RFA