ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនស្ត្រីជនជាតិចិនដែលប្រើអំពើហិង្សាលើឈ្នួលបម្រើនៅ ខណ្ឌពោធិ៍សែនជ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ច កាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។ ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច តេជោហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពឱ្យតម្លៃ និងមានចិត្តធម៌ចំពោះពួកគេផងដែរ៕