ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៩ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ” និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ “ទប់ស្កាត់គ្រោះថ្នាក់ ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលុប បំបាត់ពលកម្មកុមារ” នាមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យើងពិតជាមិនអាចបំភ្លេចបានទេនូវមហាវិនាស កម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជារាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមខ្ទេចខ្ទីស្ទើរ គ្មានសល់ ដែលកាលនោះកុមារកម្ពុជាជាច្រើនបានស្លាប់ដោយសារកង្វះអាហារ និងគ្មានថ្នាំ ព្យាបាល។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានបន្តថា កុមារដែលនៅសល់ពីស្លាប់ បានរស់នៅដោយក្តីលំបាកវេទនា ព្រាត់ប្រាស់ឪពុកម្តាយ រងទារុណកម្ម អំពើហិង្សា និងត្រូវគេបង្ខំឱ្យធ្វើ ការដូចជាទាសករ។ ហេតុនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីទិវា ជាតិនៃការចងចាំ ដោយបានកំណត់យកថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ជាថ្ងៃឈប់សំរាកជាសាធារណៈ ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការរំលឹក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
លោកជំទាវថា រាជ រដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាពិធីសារបន្ថែម និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ ស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលតែងតែលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារ គឺ៖ សិទ្ធិរស់រានមានជីវិត,សិទ្ធិអភិវឌ្ឍ,សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។
ក្នុងឱកាសនេះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានបង្ហាញនូវមោទនភាពខ្ពស់ ដោយកុមារកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសិទ្ធកុមារ។
លោករដ្ឋមន្ត្រីថា ជារៀងរាល់ឆ្នាំបណ្តាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា រួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សា លើកុមារ និងដើម្បីរំលឹកនូវអំពើឃោរឃៅរបស់ពួកហ្វាស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្ដ្រីនិងកុមារ នៅភូមិលីឌីសែប្រទេសឆេក និងភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ ហើយដោយឡែកកុមារកម្ពុជាក៏ត្រូវបានសម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបមួយនេះបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជា រាប់លាននាក់៕